ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវ និយាមប្រតិបត្តិសម្រាប់ អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រនៅកម្ពុជាលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍គន្លឹះណែនាំ ៤ចំណុចដល់គណៈគ្រូពេទ្យខិតខំពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។
គន្លឹះទាំង៤នោះរួមមាន៖ ធ្វើបច្ចុប្បន្នភាពបុគ្គលទាំងឡាយ ដែលកំពុងផ្តល់សេវាវេជ្ជសាស្រ្តនៅកម្ពុជា និងជំរុញការចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ និងធានាថាអាជ្ញាបណ្ណប្រកប វិជ្ជាជីវៈវេជ្ជសាស្រ្តទាំងអស់មានសុពលភាព។ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្រ្តខិតខំពង្រឹងជំនាញ និងចំណេះដឹងរបស់ខ្លួនជាប្រចាំ។ គោរពឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឱ្យបានពេញលេញប្រកបដោយ ការទទួលខុសត្រូវខ្ពស់នូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំជាធរមាននៃកម្ពុជា ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលមានចែងក្នុងអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ ដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ និងផលប្រយោជន៍របស់សាធារណៈជន ក៏ដូចជាដើម្បីការពារកិត្តិយស និងកិត្យានុភាពរបស់គណៈគ្រូពេទ្យ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលបានរៀបចំផែនការ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការធ្វើទំនើបកម្ម ប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ កាន់តែមានភាពធន់ក្នុងការឆ្លើយតប នឹងការគម្រាមកំហែងសុខភាពសាធារណៈ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខ ភាពសាធារណៈគ្រប់ទម្រង់ ឆ្ពោះទៅការលើកកម្ពស់ គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីសម្រេចចក្ខុវិស័យនៃការបន្ត អភិវឌ្ឍវិស័យសុខាភិបាលសំដៅ ”ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅមានសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អប្រកបដោយបរិយាបន្ន”។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តី បានណែនាំឱ្យគណៈគ្រូពេទ្យកម្ពុជា ត្រូវផ្តួចផ្តើម និងចូលរួមក្នុងការចងក្រង ពិនិត្យឡើងវិញ និងអនុម័តលើលិខិតបទដ្ឋានគតិយុត្តនានា ដូចជាក្រមសីលធម៌ ក្របខ័ណ្ឌសមត្ថភាពស្នូល និយាមប្រតិបត្តិ និងលក្ខខណ្ឌតម្រូវសម្រាប់ការ អភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត។ល។ ដែនកំណត់វិជ្ជាជីវៈ គឺជាបណ្តានីតិវិធី សកម្មភាព និងបែបបទ ដែលអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត ដែលអនុញ្ញាតឱ្យអនុវត្ត ក្នុងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺ/អតិថិជន ៕