ព័ត៌មានអន្តរជាតិ

អង្គការណាតូ ហៅការបញ្ជូនកងទ័ព កូរ៉េខាងជើង ទៅធ្វើសង្គ្រាម នៅអ៊ុយក្រែន ថា ជាការបង្កើនភាពតានតឹង

AFP

ប៊ែរឡាំង ៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានបង្ហោះសារនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម ជាការព្រមានដល់ កូរ៉េខាងជើងថា ការបញ្ជូនទាហានទៅគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នឹងបង្ហាញពី “ការកើនឡើងនូវភាពតានតឹងគួរឱ្យកត់សម្គាល់” ចំពេល មានរបាយការណ៍ថា ការដាក់ពង្រាយរបស់ពួកគេ ទៅកាន់តំបន់ចុង បូព៌ារបស់រុស្ស៊ីបានចាប់ផ្តើម។

លោក Rutte បានពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol តាមទូរស័ព្ទនៅថ្ងៃតែមួយ នេះបើយោងតាមរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយលោក Yoon បានពន្យល់ថា ទីភ្នាក់ងារចារកម្មរបស់ប្រទេសលោក បានរកឃើញថា កូរ៉េខាងជើង បានបញ្ជូនកងទ័ព កងកម្លាំងពិសេសចំនួន ១៥០០ទៅកាន់ប្រទេសរុស្ស៊ី រួចហើយ សម្រាប់ការហ្វឹកហាត់សង្គ្រាម ។

លោក Yoon ក៏បានប្រាប់ Rutte ថាកូរ៉េខាងត្បូង នឹងចាត់វិធានការជាជំហានៗ ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាព ដែលឃើញនៅក្នុងកិច្ចសហប្រតិបត្តិការ យោធារវាងកូរ៉េខាងជើង និងរុស្ស៊ី នេះបើយោងតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង។

លោក Rutte បាននិយាយនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថាលោកបាននិយាយជាមួយលោក Yoon អំពី “ភាពជាដៃគូជិតស្និទ្ធ” របស់ណាតូ ជាមួយទីក្រុង សេអ៊ូល និង “សន្តិសុខដែលទាក់ទងគ្នា ទៅវិញទៅមកនៃតំបន់ យូរ៉ូ-អាត្លង់ទិក និងឥណ្ឌូ-ប៉ាស៊ីហ្វិក” ។

លោក​បាន​លើកឡើងថា “កូរ៉េ​ខាង​ជើង​បញ្ជូន​ទ័ព​ ទៅ​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី ​នៅ​អ៊ុយក្រែន​នឹង​បង្ហាញ​ពី​ការ​កើនឡើង​នូវភាពតានតឹងគួរ​ឲ្យ​កត់សម្គាល់” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ ដើម្បីធ្វើការតវ៉ាជុំវិញការបញ្ជូន កងទ័ពរបស់ប្រទេសកូរ៉េខាងជើង ទៅកាន់ប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top