ភ្នំពេញ ៖ ក្នុងមួយឆ្នាំៗ មន្រ្តីទទួលបន្ទុកការងារ អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានទទួលការស្នើសុំធ្វើ អត្តសញ្ញាណបណ្ណឡើងវិញ មានប្រមាណពី១៥ ទៅ ១៨ម៉ឺនសន្លឹកឬនាក់។
បើតាមការសង្កេត និងសំយោគជារួមដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋ មិនតិចនាក់ទេ ជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពេលខ្លះកើតចេញ ពីការធ្វេសប្រហែស ឬ ទុកដាក់មិនបានត្រឹមត្រូវ និងខ្លះទៀតបានធ្វើឱ្យខូច អត្តសញ្ញាណបណ្ណតែម្ដង ក្រោមរូបភាព យកទៅកេះ គាស់ ឬឆ្កឹះរបស់រឹង ដែលបណ្ដាល ឱ្យបាក់ ឬខ្លះទុកឱ្យត្រូវថ្ងៃខ្លាំង ឬទទឹកភ្លៀង ខណៈខ្លះទៀតថែម ទាំងយកអត្តសញ្ញាណបណ្ណ នោះទៅធ្វើជាវត្ថុបញ្ចាំខុស ពីគោលការណ៍ច្បាប់។
បើតាមលោកបណ្ឌិត ទូច សុឃៈ ព្រោះតែរឿងហេតុដូចបានបញ្ជាក់ខាងដើមនេះហើយ ទើបបានជាក្នុងមួយឆ្នាំៗ មន្រ្តីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណឡើងវិញ ហៅថា ទុតិយតា ឬធ្វើលើកទី២ ពីប្រជាពលរដ្ឋជាច្រើននាក់ ជាក់ស្ដែងរបាយការណ៍ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថាក្នុងមួយឆ្នាំៗ គ្រាន់តែអ្នកបាត់បង់ ខូចខាត ឬស្នើកែតម្រូវ មានប្រមាណពី១៥ ទៅ១៨ម៉ឺនសន្លឹកឬនាក់។
ក្រៅពីហេតុផលខាងលើ តើព្រោះតែសេវាធ្វើអត្តសញ្ញាណបណ្ណថ្មី ឬសេវាស្នើសុំឡើងវិញនេះ រដ្ឋមិនបានយកកម្រៃ ឬយ៉ាងណា? នេះជាការចោទសួរបែបពញ្ញាក់ស្មារតី ពីលោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យរងរូបនេះបានបន្ថែមទៀតថា ព្រោះតែប្រជាពលរដ្ឋខ្វះការទទួលខុសត្រូវបែបនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលចំណាយថវិកាច្រើនក្នុងការបោះពុម្ព ខណៈមន្ត្រីអត្តសញ្ញាណកម្ម និង អាជ្ញាធរមូលដ្ឋាន ក៏ត្រូវចំណាយពេលវេលាច្រើន សម្រាប់ផ្តល់សេវាដែលមាន ភាពមមាញឹកខ្លាំងមួយនេះដែរ។
អត្តសញ្ញាណបណ្ណ គឺជាបណ្ណសម្គាល់ខ្លួន របស់ប្រជាពលរដ្ឋខ្មែរ ដែលក្នុងនោះបានកំណត់បង្ហាញនូវ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាសយដ្ឋាន ក៏ដូចជាភិនភាគបុគ្គលផងដែរ ។ ពលរដ្ឋទាំងពីរភេទ មានអាយុចាប់ពី១៥ ឆ្នាំឡើងទៅមានសិទ្ធិ ធ្វើអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ដោយគ្រាន់តែផ្តល់ ដំណឹងទៅអាជ្ញាធរមូលដ្ឋាន ក្នុងដែនសមត្ថកិច្ច របស់ខ្លួនដើម្បីដំណើរការនីតីវិធី។
ថ្មីៗនេះ មានបុរសម្នាក់ ទំនងជាតន្ត្រីករ បានយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឈ្មោះ សែម សីហា ភេទប្រុស ទីកន្លែងកំណើត នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ មកធ្វើជាឧបករណ៍ ដេញហ្គីតា ឬសូឡូក៏មិនដឹង ខណៈអត្ត សញ្ញាណបណ្ណនោះ នៅមានសុពលភាព ដល់ឆ្នាំ២០៣១ ។ ទង្វើនេះបានទទួលការរិះគន់ យ៉ាងព្រោងព្រាត ពីអ្នកប្រើប្រាស់ បណ្ដាញសង្គម រហូតមានការអំពាវនាវ សមត្ថកិច្ចចាត់វិធានការ លើបុគ្គលនោះ ដើម្បីកុំឱ្យមានអ្នក យកតម្រាប់តាម និងក៏ដើម្បីជំរុញចលនា” ស្រលាញ់អត្តសញ្ញាណបណ្ណ”៕