ព័ត៌មានជាតិ

ក្រសួងការពារជាតិ ហាមយកយានយន្ដពាក់ផ្លាក លេខ ខេមរភូមិន្ទ ជួលបន្ត ឱ្យបណ្តាក្រុមហ៊ុន និងស្ថាប័នផ្សេងៗ

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសហាមយកយានយន្ត ដែលពាក់ផ្លាកលេខ ចរាចរណ៍ខេមរភូមិន្ទ ទៅធ្វើការជួលបន្ត ឱ្យបណ្តាក្រុមហ៊ុន ស្ថាប័ន រូបវន្តបុគ្គលនានា ប្រើប្រាស់ឡើយ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ តុលា បានគូសបញ្ជាក់ថា ចំពោះនាយទាហាន នាយទាហាន ដែលបានប្រើប្រាស់ផ្លាកលេខ ចរាចរណ៍ខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបំរាមកំណត់ ដូចជា ៖ ហាមយកយានយន្តដែលពាក់ ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅធ្វើការជួលបន្តឱ្យបណ្តាក្រុមហ៊ុន ស្ថាប័ន រូបវន្តបុគ្គលនានា ប្រើប្រាស់ឡើយ ។ ហាមយកផ្លាកលេខចរាចរណ៍ ខេមរភូមិន្ទទៅបំពាក់លើយានយន្តផ្សេងទៀត ដែលខុសពីប្រភេទ យានយន្តដែលបានស្នើសុំ ។

អ្នកប្រើប្រាស់យានយន្ត ពាក់ផ្លាកលេខចរាចរណ៍ ខេមរភូមិន្ទ ត្រូវតែជានាយ ទាហាន ជាយោធិន -នៃកងយោធពល ខេមរភូមិន្ទ និងអាស្រ័យមេបញ្ជាការអង្គភាពបញ្ជាក់ស្នើសុំបំពេញបែបបទតាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេស ប្រើប្រាស់បានឡើយ ។ ចំពោះក្រុមហ៊ុនសហការ វិនិយោគ ជាមួយវិស័យ ការពារជាតិក៏ត្រូវបានអនុវត្តដូចគ្នា ។

ក្រសួងការពារជាតិ បន្ដថា ក្នុងករណីដែលអនុវត្តខុស ពីបំរាមកំណត់ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិនឹងចាត់វិធានការច្បាប់ជាធរមាន ។ ក្នុងសេចក្តីជូនដំណឹងនោះដែរ ក្រសួង បានលើកឡើងទៀតថា ខ្លឹមសារខាងលើ ត្រូវបានអនុវត្ត ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ អាស្រ័យហេតុនេះ សូមបណ្តា ស្ថាប័ន កងឯកភាពចំណុះក្រសួង ការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តាប្រភេទទ័ព និងទ័ពជំនាញ ទាំងអស់ដែលប្រើប្រាស់ ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ មេត្តាជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ៕

To Top