ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធ ហេសបូឡា ចេញមុខទទួលខុសត្រូវ ទាំងស្រុងលើការ វាយប្រហារផ្ទះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងគំរាមប៉ុនប៉ងធ្វើឃាត លោកបន្តទៀត

RT News

បរទេស៖ ក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា បានទទួលខុសត្រូវ ទាំងស្រុង និងផ្តាច់មុខ ចំពោះការវាយប្រហារផ្ទះ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដោយយន្តហោះដ្រូនផ្ទុកគ្រឿងផ្ទុះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក (UAV) បីគ្រឿងត្រូវបានគេប្រទះឃើញកំពុង ហោះហើរឆ្ពោះ ទៅកាន់ទីក្រុងឆ្នេរសមុទ្រ Caesarea ភាគខាងជើងប្រទេស អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍។ យន្តហោះគ្មានមនុស្សបើក២គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ខណៈយន្តហោះគ្មានមនុស្សបើកទី៣បានទៅដល់លំនៅឋានរបស់លោក Netanyahu និងបានបំផ្ទុះតែម្តង។ នាយករដ្ឋមន្ត្រី Benjamin Netanyahu និងភរិយារបស់លោកមិន នៅផ្ទះក្នុងពេលមាន ការវាយប្រហារនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រុមហេសបូឡា លោក Mohammad Afif បាននិយាយថា ក្រុមនេះ “ប្រកាសការទទួលខុសត្រូវទាំងស្រុង ពេញលេញ និងផ្តាច់មុខរបស់ខ្លួនសម្រាប់ប្រតិបត្តិការ Caesarea” ។

Afif បាននិយាយថា ហេសបូឡា នឹងមិនចរចាជាមួយអ៊ីស្រាអែលទេ ដរាបណាសង្រ្គាមរបស់ IDF នៅហ្គាហ្សា និងលីបង់នៅតែបន្ត ហើយបានព្រមានលោក Netanyahu ឱ្យរំពឹងថា នឹងមានការប៉ុនប៉ងបន្ថែមទៀតលើជីវិតរបស់គាត់។

ការប្រើប្រាស់ពាក្យ “ទំនួលខុសត្រូវផ្តាច់មុខ” របស់ Afif ត្រូវបានគេយល់ថា ជាការប៉ុនប៉ង ដើម្បីឃ្លាតឆ្ងាយពីអ៊ីរ៉ង់ ពីការវាយប្រហារ ។ ទីក្រុងតេអេរ៉ង់ ដែលអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរក្សាបាន ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយដល់ក្រុមហេសបូឡាហ៍ បានប្រកាសរួចហើយថា “សកម្មភាពដែលចោទសួរ គឺធ្វើឡើងដោយហេសបូឡាហ៍ នៅក្នុងប្រទេសលីបង់”៕
ប្រែសម្រួលៈ ណៃ តុលា

To Top