ព័ត៌មានជាតិ

កម្ពុជា អំពាវនាវភាគីពាក់ព័ន្ធ បន្តចូលរួមធ្វើសកម្មភាព ឱ្យកាន់តែច្រើន ក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមធ្វើសកម្មភាព ឱ្យកាន់តែច្រើន ក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកើនឡើងចំពោះសុខុមាលភាពរបស់មនុស្ស និងភពផែនដីដែលមានសុខភាពល្អ ។

លោកបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ប្រកបដោយចីរភាព បានថ្លែងថា សកម្មភាពរបស់មនុស្ស កំពុងបណ្តាលឱ្យមានការប្រែប្រួល អាកាសធាតុ រួមទាំងរលកកំដៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ ដូច្នេះ អ្វីដែលយើងត្រូវ ធ្វើនៅកម្រិតសកល គឺ អនុវត្តវិធានការ កាត់បន្ថយ និងបន្ស៊ាំ កសាងភាពធន់ របស់សហគមន៍ងាយរង គ្រោះប្រឆាំងនឹង ផលប៉ះពាល់ នៃការប្រែប្រួល អាកាសធាតុ និងការប្តេជ្ញាចិត្តហិរញ្ញវត្ថុអាកាសធាតុចំនួន១០០ ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍។

ការថ្លែងរបស់ លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើង នៅនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រី ជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និង អង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ ក្រោមជាតិ សរុបជាង៣០០នាក់ ។

លោកបណ្ឌិត អ៊ាង សុផ្លែត មានប្រសាសន៍ថា ការជួបជុំរបស់យើងនៅថ្ងៃនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដ៏រឹងមាំរវាងក្រសួង វិស័យសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ពិសេសរបស់កម្ពុជា ក្នុងការដោះស្រាយការ ប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។

លោក បានបញ្ជាក់ថា កម្ពុជា ងាយរងគ្រោះខ្លាំង ចំពោះការប្រែប្រួលអាកាសធាតុ ដោយការកើនឡើងសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយផលិតភាព ក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ និងកាត់បន្ថយផលិតភាពការងារ នៅទូទាំងវិស័យភាគច្រើន។

លោករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានធ្វើការងារជាច្រើន ក្នុងការកំណត់គោលនយោបាយប្រែប្រួលអាកាសធាតុ និងទទួលស្គាល់ពីភាពបន្ទាន់ នៃការចាត់វិធានការអាកាសធាតុ៕

To Top