កំពង់ធំ: នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ យោធាសន្តិសុខប្រចាំខែតុលា ឆ្នាំ២០២៤ និងដាក់ចេញ នូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដា កងឯកភាព នាយ នាយរង ការិយាល័យ ផ្នែកពាក់ព័ន្ធ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ជាច្រើនរូប បានចូលរួមផងដែរ។
លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូក សរុបលទ្ធផលការងារ យោធាសន្តិសុខប្រចាំខែតុលា ឆ្នាំ២០២៤ ដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលអង្គភាពអនុវត្ត បានសម្រេចតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន និងបានវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ដែលកើតមានឡើង ព្រមទាំងដាក់ចេញនូវសេចក្តីព្រាង នូវទិសដៅមួយចំនួន ដែលត្រូវអនុវត្តបន្តផងដែរ ។
បន្ទាប់មកអង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ និងបានធ្វើការកែសម្រួល បំពេញបន្ថែមនូវខ្លឹមសារមួយចំនួនក្នុងរបាយការណ៍ និងទិសដៅ ដែលត្រូវអនុវត្តបន្តឲ្យទទួលបានលទ្ធផលល្អ និងជោគជ័យ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ និងបានកោតសរសើរ ដល់កងកម្លាំងអន្តរាគមន៍ ទាំងអស់ ដែលបានអនុវត្តល្អក្នុងការ ត្រៀមបម្រុងកម្លាំង គ្រឿងបំពាក់ មធ្យោបាយ និងកិច្ចការធានាគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្ត តាមបទបញ្ជាក្នុងកិច្ច ការពារសន្តិសុខ សុវត្ថិភាពសង្គម ថែរក្សាសុខសន្តិភាព ជូនប្រជាជន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍÷ទី១ បន្តសកម្មភាព ឱ្យដូចភ្លៀងរលឹម ក្នុងកិច្ចការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ឋិភាព ។ ទី២ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាម ក្នុងឱកាសខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើត កងយោធពលខេមរភូមិន្ទនៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងទី៣ រៀបចំពិធីចាប់ឆ្នោត ទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះ អំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនអតីតយុទ្ធជនចំនួន៦៥គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ៕ ដោយសំនៀង