ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ បើកកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-កូរ៉េខាងត្បូង លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការ អន្ដរជាតិកូរ៉េ (KOICA), សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងវិស័យឯកជនជាច្រើនរូប ។

កិច្ចសន្ទនាផ្លូវការនេះជាបៀបវារៈថ្មីដែលរៀបចំឡើង ក្រោមគំនិតផ្ដួចផ្ដើម របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក យូន ស៊កយ៉ល ប្រធានាធិបតីកូរ៉េ ក្នុងជំនួប កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ ។ កិច្ចសន្ទនានេះ មានគោលបំណងពង្រឹង និងជំរុញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្ត ពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េ សំដៅជំរុញការវិនិយោគ បន្ថែមទៀតមកកម្ពុជា ។

មានមតិស្វាគមន៍ក្នុងពិធីខាងលើ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ ឯកអគ្គរដ្ឋទូត , តំណាងក្រសួង ស្ថាប័ន និងវិស័យឯកជន បានអញ្ជើញចូលរួមកិច្ច សន្ទនាឱកាសនេះ ហើយវត្តមាន នៃកិច្ចសន្ទនានេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុក ដាក់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីស្ដាប់នូវរាល់កង្វល់ របស់វិនិយោគិនកូរ៉េ តាមរយៈការប្រើប្រាស់របៀបវារៈ ផ្លូវការជាទៀង ទាត់សំដៅ ធានាដល់ការតាមដាន និងដោះស្រាយ បញ្ហា ប្រឈមរបស់វិនិយោគិនជាអាទិភាព។

លើសពីនេះ ឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មី នូវព័ត៌មានពាក់ព័ន្ធនឹង និន្នាការវិនិយោគនៅកម្ពុជា មានជាអាទិ៍ ស្ថានភាព នៃរំហូរវិនិយោគ និង វឌ្ឍនភាពនៃការដាក់ ឱ្យដំណើរការសាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោង វិនិយោគកម្ពុជា (cdcIPM) ជូនភាគីមិត្តផងដែរ ។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញ នូវសេចក្ដីសោមនស្សរីករាយ ក្រៃលែង ដែលបានសហការ រៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាស វិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែក ក្នុងការកែលម្អបរិស្ថាន ធុរកិច្ចសំដៅពង្រឹង និងពង្រីកវត្តមាន របស់សហគ្រាសកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគ នៅលើទឹកដីកម្ពុជាបន្ថែមទៀត។

ស្របគ្នានេះ លោក ក៏បានថ្លែងអំណរ គុណជូនចំពោះ លោកឧបនាយករដ្ឋមន្រ្ដី ដែលបានពន្យល់យ៉ាង ក្បោះក្បាយ អំពីស្ថានភាពវិនិយោគ នៅកម្ពុជា ហើយឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី នឹងកាន់តែមានភាពស្រស់ បំព្រងគួរជាទីមោទនៈ។

ជាទិដ្ឋភាពរួម អង្គប្រជុំបាន ជជែកពិភាក្សាយ៉ាងផុសផុល ប្រកប ដោយការទទួលខុសត្រូវខ្ពស់ លើប្រធានបទចំនួន៧ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម និងហិរញ្ញវត្ថុ ជាមួយនឹងស្មារតីជឿជាក់ថា រាល់បញ្ហាប្រឈមត្រូវ តែមានដំណោះស្រាយឈ្នះ-ឈ្នះ សំដៅធានាបាននូវភាពសុខដុមរមនា និងភាពកក់ក្តៅជូនវិនិយោគិន៕

To Top