កំពង់ធំ : នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកត្រៃអង្គកឋិន ទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ សម្រាប់ចូលរួមក្នុងកម្មវិធីអង្គកឋិនទានសាមគ្គី នៅវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា បាននិងកំពុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីក ចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃម៉ត់ចត់ បញ្ញាញានភ្លឺថ្លា និងកាយពលមាំមួន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ដើម្បីទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋ គោរពបូជាយ៉ាងច្រើនលើសលប់ ហើយកន្លងមកថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ តែងតែបានចូលរួមឧបត្ថម្ភគាំទ្រ និងជួយកសាងសមិទ្ធផលនានា ជាច្រើននៅតាមទីអារាម នៅក្នុងខេត្តកំពង់ធំ រួចមកហើយ។
លោក ឈិត សាផូ អាចារ្យគណៈកម្មការវត្តបាគង តំណាងព្រះសង្ឃ យាយជី តាជី និងពុទ្ធបរិស័ទនៅក្នុងវត្តបាគង បានសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលតែងតែយកចិត្ត ទុកដាក់ជួយដោះស្រាយ នូវរាល់ការលំបាក និងជួយទំនុកបម្រុង ក្នុងការកសាងសមិទ្ធផលនានានៅទីអារាមវត្តបាគងនេះ ជារៀងរហូតមក ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានប្រគេននូវទេយ្យ ទានមានគ្រឿងឧបភោគបរិភោគ ត្រៃអង្គកឋិន និងបច្ច័យមួយចំនួន ជូនដល់ព្រះ សង្ឃសម្រាប់ក្រាលគ្រង និងគណៈកម្មការអាចារ្យវត្ត ដើម្បីរៀបចំទទួលអង្គកឋិនទាន និងចូលរួមក្នុងការកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ បន្តទៀតផងដែរ ៕ ដោយសំនៀង