ហ្សាការតា៖ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសពីការបើកឱកាសវិនិយោគសម្រាប់ការរុករកប្រេង និងឧស្ម័នថ្មីចំនួន៦០ ប្លុកនៅទូទាំង១៤តំបន់ ។
លោក Ariana Soemanto ប្រធានផ្នែកអភិវឌ្ឍន៍ប្រេង និងឧស្ម័ន នៅក្រសួងថាមពល និងធនធានរ៉ែ បានថ្លែងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ប្លុកទាំងនេះបានត្រៀម រួចរាល់សម្រាប់ការរុករក និងអភិវឌ្ឍន៍ក្នុង រយៈពេល០៤ឆ្នាំខាងមុខ ។
លោក Soemanto បានបញ្ជាក់ថា “ផ្អែកលើការសិក្សារួមគ្នាចំនួន៣៤លើក យើងបានរកឃើញប្លុកប្រេង និងឧស្ម័នចំនួន៦០ ដែលអាចរកបានសម្រាប់ការអភិវឌ្ឍន៍ ។ យើងសូមអញ្ជើញវិនិយោគិន ឱ្យសហការជាមួយយើង ដើម្បីប្រែក្លាយតំបន់ ទាំងនេះ ទៅជាកន្លែងផលិតភាព ដោយមានការលើកទឹក ចិត្តគួរឱ្យទាក់ទាញ” ។
ប្រទេសឥណ្ឌូណេស៊ី បច្ចុប្បន្នកំពុងស្វែង រកមធ្យោបាយដើម្បីបង្កើន ផលិតកម្មប្រេងក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូល ។ លោក Soemanto បានលើកឡើងថា រដ្ឋាភិបាលបានផ្តល់ភាព ងាយស្រួលជាច្រើន សម្រាប់អ្នកវិនិយោគ ដូចជាការផ្តល់ជូន ដោយផ្ទាល់ ដោយមិនចាំបាច់មាន ការសិក្សារួមគ្នា ក៏ដូចជាឱកាសសម្រាប់ការរុករកនៅក្នុងតំបន់បើកចំហ ។
លោក Soemanto បានលើកឡើងថា “វិនិយោគិនក៏អាច បន្ថែមរយៈពេលរុករកលើសពី១០ឆ្នាំ ។ យើងក៏កំពុងពិនិត្យមើល ការផ្លាស់ប្តូរសក្តានុពលនៅក្នុង គម្រោងផ្តល់ប្រាក់រង្វាន់ សម្រាប់ការចុះហត្ថលេខាចំពោះការប្តេជ្ញាចិត្តក្នុងការរុករកនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា