ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកកម្មវិធីវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានបើកកម្មវិធីវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

វេទិកានេះ ប្រព្រឹត្តទៅនៅសាសសន្និសិទ សាលាខេត្តកំពង់ចាម ចូលរួមជាអធិបតីដោយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ដែលត្រូវធ្វើការងារពិភាក្សារយៈពេល ២ថ្ងៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់ តែស៊ីជម្រៅ ដើម្បីចូលរួម អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សំដៅ កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ។

ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ.ជ.អ.ប. បានរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានចាប់ផ្ដើមអនុវត្តដំបូងតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការធ្វើកំណែទម្រង់នេះ បានផ្តោតលើការរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍រដ្ឋបាលឯកភាព គោលការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការធ្វើកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឱ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់ សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការ ប្រជាពលរដ្ឋចំគោលដៅ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ៕

To Top