ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការងារប្រទេសថៃ អំឡុងពេលកិច្ចប្រជុំ រដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៨

សិង្ហបុរី ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ភីផាត់ រាចាឃីតប្រាកន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារ នៃប្រទេសថៃ បានជួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។
លោក ហេង សួរ បានសម្តែងនូវការអបអរសាទរ យ៉ាងកក់ក្តៅសារជាថ្មី ចំពោះ លោក Phiphat Ratchakitprakarn ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងការងារថៃ នាពេលថ្មីៗនេះ ។

ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានសម្រេច នូវលទ្ធផលជាផ្លែផ្កា ដូចខាងក្រោម៖

១- ភាគីថៃឯកភាព នឹងស្នើសុំទៅគណៈរដ្ឋមន្ត្រីថៃ តាមសំណើរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកលែងតម្លៃ សេវាការអនុញ្ញាតចេញ -ចូលប្រទេសថៃ (Re-Entry Permit) សម្រាប់បងប្អូនពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ដូចទៅនឹងឆ្នាំនេះដែរ ។

២- ភាគីថៃបានជម្រាបភាគីកម្ពុជាថា គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុញ្ញាត ឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ (Work Permit) និងការស្នាក់នៅ ចំពោះពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតកំណត់នៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរយៈពេល ២ឆ្នាំបន្តទៀត រហូតឆ្នាំ២០២៧ ដោយមិនបាច់ចាកចេញ ពីប្រទេសថៃទេ។

៣-  ភាគីថៃ នឹងពិចារណាលើសំណើ របស់កម្ពុជា ក្នុងការធ្វើតេស្តទទួលស្គាល់ជំនាញ ដល់ពលករខ្មែរ កំពុងធ្វើការនៅ ក្នុងប្រទេសថៃ ដើម្បីក្លាយជាពលករជំនាញ ដែលអាចទទួលបានអត្ថប្រយោជន៍ ច្រើនជាងពលករគ្មានជំនាញ និងការបញ្ជាក់ទទួលស្គាល់ជំនាញ របស់ពលករខ្មែរដែលបានបញ្ចប់ការងារ និង វិលត្រលប់មកមាតុប្រទេសវិញ ដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នឹងទទួលស្គាល់រាល់ ការបញ្ជាក់ជំនាញ របស់ភាគីថៃ ដល់ពលករខ្មែរ។

៤- ភាគីថៃជម្រាបជូនភាគីកម្ពុជាថា ពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ របបសន្តិសុខសង្គម ដូចកម្មករនិយោជិត ជនជាតិថៃដែរ ។
ជាមួយគ្នានេះ ភាគីកម្ពុជាស្នើដល់ភាគីថៃ បន្តសិក្សាលើគំនិតផ្តួចផ្តើម ជាមួយស្ថាប័នសន្តិសុខសង្គមកម្ពុជា ដើម្បីអាចធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសករ នៃប្រទេសទាំងពីរ នៅពេលដែលពួកគាត់ត្រឡប់មកប្រទេស កំណើតវិញ ស្របតាមគោលការណ៍ ណែនាំអាស៊ាន ស្តីពីចល័តភាព នៃអត្ថប្រយោជន៍ របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តប្រវេសករ ក្នុងតំបន់អាស៊ាន។

៥- ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងលើដំណើរការបញ្ជូន និងទទួលពលករខ្មែរ ឱ្យមានភាពពេញលេញ ដើម្បីជាផលប្រយោជន៍ ដល់ពលករខ្មែរ និងនិយោជកថៃ ជាពិសេសកាត់បន្ថយ ពេលវេលា សម្រាប់ដំណើរការឯកសារ និងកាត់បន្ថយលំហូរ នៃពលករកម្ពុជា ដែលគ្មានឯកសារ គ្រប់គ្រាន់ ចូលទៅធ្វើការក្នុងប្រទេសថៃ ។

កិច្ចប្រជុំទ្វេភាគីរវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ភីផាត់ រាចាឃីតប្រាកន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារ នៃប្រទេសថៃ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព ៕

To Top