ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា ប្តេជ្ញាជំរុញ ការអនុវត្តគ្រប់សកម្មភាព នៃគោលដៅ SDGs ទាំង១៨ របស់ខ្លួន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាចិត្តក្នុងការជំរុញ ការអនុវត្តគ្រប់សកម្មភាពនៃគោលដៅ SDGs ទាំង១៨ របស់កម្ពុជា ជាពិសេសការកាត់ប​ន្ថយភាពក្រីក្រ និងវិសមភាព ការលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជន ការពង្រឹងគុណភាពអប់រំ និងការគាំពារបរិស្ថាន ។

យោងតាមវីដេអូរបស់សម្តេចធិបតី ដែលបានផ្សព្វផ្សាយនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា “ថ្ងៃនេះខ្ញុំមានសេចក្តីសោមនរីករាយ ដែលបានចូលរួមជាមួយអង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា និងក្រុមហ៊ុន Aeon Mall (Cambodia) Co., Ltd ក្នុងកម្មវិធីតោះចូលរួមសកម្មភាព ដើម្បី SDGs” ។

សម្តេចធិបតី មានប្រសាសន៍ថា “កម្ពុជា ប្តេជ្ញាចិត្តក្នុងការជំរុញ ការអនុវត្តគ្រប់សកម្មភាពនៃគោលដៅ SDGs ទាំង១៨ របស់កម្ពុជា ជាពិសេសការកាត់ប​ន្ថយភាពក្រីក្រ និងវិសមភាព ការលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជន ការពង្រឹងគុណភាពអប់រំ និងការគាំពារបរិស្ថាន ។ SDGs ជាគោលដៅអភិវឌ្ឍដ៏មុតស្រួចរបស់កម្ពុជា ហើយយើងនឹងសម្រេចមហិច្ឆតានេះ ជាមួយនឹងការចូលរួមពីសំណាក់បងប្អូន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់” ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ខ្ញុំគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំ កម្មវិធីដ៏សំខាន់នេះ” ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងកម្មវិធី “តោះ! ចូលរួមសកម្មភាព ដើម្បី SDGs” នេះឱ្យបានច្រើនកុះករផងដែរ ។

យោងតាមគេហទំព័រផ្លូវការ​ របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា “នៅក្នុងជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពន្លឿនការសម្រេចបាន​ នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅប្រទេសកម្ពុជា អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា​ កំពុងតែសហការរៀបចំព្រឹត្តិការណ៍ «តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤»។ ប្រារព្ធឡើងរយៈពេលបីថ្ងៃ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ព្រឹត្តិការណ៍នេះនឹងប្រមែប្រមូលភាគីពាក់ព័ន្ធសំខាន់ៗ ដូចជារដ្ឋាភិបាល ធុរកិច្ច ក្រុមយុវជន និងសាធារណជន ដើម្បីជំរុញវឌ្ឍនភាពរួមគ្នា របស់ប្រទេសកម្ពុជា ឆ្ពោះទៅអនាគតប្រកបដោយចីរភាព”។

ប្រភពដដែលបន្តថា “ព្រឹត្តិការណ៍រយៈពេលបីថ្ងៃមួយនេះ នឹងបង្ហាញនូវសកម្មភាពជាបន្តបន្ទាប់ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង សម្របសម្រួលភាពជាដៃគូ និងបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលសមស្របតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការលើកកម្ពស់តួនាទីរបស់បុគ្គលម្នាក់ៗ ក្នុងការរួមចំណែកដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព ការលើកទឹកចិត្ត ដល់ការចូលរួមរបស់យុវជន និងជំរុញកិច្ចសហការ ក្នុងចំណោមភាគីពាក់ព័ន្ធដែលបានប្តេជ្ញាចិត្ត ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាគោលបំណងសំខាន់ នៃព្រឹត្តិការណ៍នេះ។
សារធារណៈជន អាចចូលរួមក្នុងសកម្មភាពផ្សេងៗ នៃព្រឹត្តិការណ៍មួយនេះ ដែលមានដូចជា សុន្ទរកថាគន្លឹះដោយអ្នកជំនាញ អភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តង់ពិព័រណ៍ដែលបង្ហាញពីគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើម ប្រកបដោយចីរភាពនានា ការពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជាសកម្មភាពអាកាសធាតុ និងសមភាពយេនឌ័រ ការសម្តែង និងការប្រគុំតន្រ្តីវប្បធម៌ ព្រមទាំងឱកាសជួបសំណេះសំណាល ជាមួយដៃគូពាក់ព័ន្ធនានាផងដែរ។

«ដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរករបៀបវារៈឆ្នាំ ២០៣០ ទាមទារឱ្យគ្រប់វិស័យនៃសង្គមធ្វើការរួមគ្នា។ «តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤» ផ្តល់ឱកាសដ៏សំខាន់មួយ សម្រាប់មនុស្សគ្រប់គ្នា នៅក្នុងសហគមន៍ ក្នុងការចូលរួមសហការ កាន់តែស៊ីជម្រៅ ចែករំលែកដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត និងជំរុញស្មារតីនៃការទទួលខុសត្រូវរួម ក្នុងការសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិ មានមោទនភាពក្នុងការចាប់ដៃគូជាមួយ AEON MALL Cambodia ដោយប្រមូលផ្តុំនូវអាជីវកម្ម សហគមន៍ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា» ប្រសាសន៍របស់ លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំប្រទេសកម្ពុជា។

លោក អេនដូ ហ្វូមិហ៊ីកុ អគ្គនាយក ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា បានបន្ថែមថា «នៅ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា យើងជឿជាក់លើថាមពល នៃកិច្ចសហការរបស់សហគមន៍ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការសហការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍«តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤» យើងមានគោលបំណងផ្តល់ នូវវេទិកាមួយដែលអាជីវកម្ម សហគមន៍ និងមនុស្សវ័យក្មេង អាចបង្កើតផលប៉ះពាល់ជាវិជ្ជមាន ដល់សង្គមបាន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការលើកកម្ពស់ ការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញអំពីការប្រែក្លាយគំនិត ទៅជាសកម្មភាពដែលរួមចំណែក ដល់អនាគតប្រកបដោយចីរភាព របស់ប្រទេសកម្ពុជា ស្របតាមបេសកកម្មរបស់ក្រុមហ៊ុនយើង នោះគឺ បំពេញជីវិតប្រចាំថ្ងៃនៅកម្ពុជា ជាមួយនឹងលទ្ធភាពថ្មីៗ »៕

To Top