សិង្ហបុរី ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារ អាស៊ានលើកទី២៨ (28th ASEAN Labour Ministers’ Meeting – ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការពង្រឹងភាពធន់ និង ការលើកកម្ពស់នវានុវត្តន៍” នាថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ នៅក្នុងប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួង ហត្ថពលកម្មសិង្ហបុរី និងមានការចូលរួម ពីរដ្ឋមន្ត្រី/ប្រធានប្រតិភូ ក្រសួងការងារ នៃរដ្ឋជាសមាជិកអាស៊ាន, រដ្ឋមន្រ្ដីការងារ ទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍ និងឯកឧត្តមអគ្គលេខាធិការ អាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះ លោក ហេង សួរ បានជម្រាប ជូនអង្គប្រជុំពីវឌ្ឍនភាពនៃគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាព នៃអត្ថប្រយោជន៍ របបសន្តិសុខសង្គម សម្រាប់ទេសន្តរប្រវេសករ ក្នុងតំបន់អាស៊ាន ដែលត្រូវបានប្រមុខដឹកនាំអាស៊ាន កត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការ ជាមួយរដ្ឋជាសមាជិក អាស៊ានទាំងអស់ ដើម្បីផ្តល់ជូនពលករទេសន្តរប្រវេសន៍ នៃបណ្ដាប្រទេសអាស៊ាន នូវលទ្ធភាពទទួល បានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម ដោយមិនគិតពីការបម្លាស់ទីនៅក្នុងតំបន់ ដែលស្របនឹងមូលបទ របស់ប្រទេសសិង្ហបុរីឆ្នាំនេះ គឺ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍” ។ គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែជួយពង្រឹងសាមគ្គីភាព និងបរិយាប័នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ ពីភាពជាអ្នកដឹកនាំរបស់អាស៊ាន នៅលើឆាកអន្ដរជាតិ ពិសេសក្នុងការលើកកម្ពស់ស្តង់ដាការងារ ប្រកបដោយសុខុមាលភាពនៅក្នុងតំបន់ផងដែរ។
នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះដែរ រដ្ឋមន្រ្តី/តំណាងប្រតិភូ ការងារមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ របស់ខ្លួនក្នុងការអនុវត្តនូវគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខ សង្គមសម្រាប់ទេសន្តរប្រវេសករ ក្នុងតំបន់អាស៊ាន ដោយបានកំណត់ទិសដៅឱ្យឧត្តមមន្រ្ដីការងារអាស៊ាន (SLOM) ធ្វើការពិភាក្សាលម្អិតលើយន្ដការ ក្នុងការអនុវត្តបានយ៉ាងពេញលេញ នូវគោលការណ៍ណែនាំអាស៊ាននេះ ដូចមាននៅក្នុងសេចក្តីថ្លែងការណ៍រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំនេះ ។
គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារ នៃបណ្ដាប្រទេសអាស៊ានទាំងអស់ បានអនុម័តនូវ “សេចក្តីថ្លែងការណ៍រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ” ដែលជាឯកសារគោលក្នុងការអនុវត្តការងារបន្ដក្នុងរយៈពេល ២ឆ្នាំទៅមុខ ៕