ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការដំឡើងពន្ធគយ របស់សហភាពអឺរុប ចំពោះរថយន្តអគ្គិសនី របស់ចិន គឺជាការដើរត្រឡប់ ថយក្រោយ របស់ពាណិជ្ជកម្ម សេរីសកល

ដោយមិនអើពើ នឹងការប្រឆាំងពីគ្រប់ភាគី គណៈកម្មាធិការសហភាពអឺរ៉ុប បានចេញផ្សាយព័ត៌មាន នៅថ្ងៃទី២៩ ខែតុលា តាមម៉ោងក្នុងតំបន់ ដោយសម្រេចចិត្តថា នឹងយកពន្ធប្រឆាំង ឧបត្ថម្ភធនចុងក្រោយ រយៈពេល៥ឆ្នាំ ចំពោះរថយន្តអគ្គិសនី ដែលនាំចូលពីប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែតុលាតទៅ ។ ចំពោះលទ្ធផលនេះ ភាគីចិនបានបញ្ជាក់ យ៉ាងច្បាស់ថា មិនទទួលស្គាល់និងមិនទទួលយក ហើយបានដាក់ពាក្យបណ្ដឹង ក្រោមយន្តការដោះស្រាយវិវាទ របស់អង្គការ ពាណិជ្ជកម្មពិភពលោក ។

ហេតុអ្វីបានជាភាគីចិន “មិនទទួលស្គាល់ និងមិនទទួលយក”?
នេះគឺដោយសារតែទង្វើ គ្រប់យ៉ាងរបស់ភាគីអឺរ៉ុបគឺ” មិនសមហេតុផល និងមិនស្របតាមការកំណត់” គឺជាការអនុវត្ត” ការប្រកួតប្រជែងមិនស្មើភាព” ក្រោមស្លាក” ការប្រកួតប្រជែងដោយស្មើភាព” និងអនុវត្តគាំពារនិយម ផ្នែកពាណិជ្ជកម្ម ។ ទង្វើនេះនឹង មិនត្រឹមតែធ្វើឱ្យប៉ះពាល់ ដល់កិច្ចសហប្រតិបត្តិការ ខាងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ រវាងចិននិងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនឹង ធ្វើឱ្យអ្នកប្រើប្រាស់អឺរ៉ុប ចំណាយប្រាក់កាន់តែច្រើន បំពុលបរិយាកាស វិនិយោគ របស់សហភាពអឺរ៉ុប និងជះឥទ្ធិពលអវិជ្ជមាន ដល់ដំណើរការធ្វើបដិវត្តកម្ម បៃតងរបស់ខ្លួន គឺជាទង្វើបំផ្លាញផល ប្រយោជន៍ទាំងអ្នកដទៃផង និងខ្លួនឯងផងដែរ ។

បើមើលពីស្រទាប់សេដ្ឋកិច្ច ជាបឋម គឺបង្ខូចដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ នៃឧស្សាហកម្មរថយន្ត ក៏ដូចជាផលប្រយោជន៍ របស់សហគ្រាសផលិត រថយន្តនិងអ្នកប្រើប្រាស់របស់អឺរ៉ុប ។ ធនាគារគំនិតRhodiumរបស់អាមេរិក បានលើកឡើងថា ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តសកលបានធ្វើការកែសម្រួល ដើម្បីសម្របខ្លួន ទៅតាមបច្ចេកវិទ្យាថ្មីៗ ហើយការដាក់កំហិត លើការនាំចូលរថយន្តអគ្គិសនី របស់ចិននឹងធ្វើឱ្យអឺរ៉ុបបាត់បង់ឱកាសសំខាន់ៗ ក៏ដូចជាអាចនឹង រារាំងការ អភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន ។ ក្រុមហ៊ុនBMW គ្រុបបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍ថា ទង្វើរបស់សហភាពអឺរុប មិនអាចបង្កើនសមត្ថភាព ប្រកួតប្រជែង របស់ក្រុមហ៊ុនផលិត រថយន្តអឺរ៉ុបបានទេ ផ្ទុយទៅវិញ វានឹងធ្វើឱ្យខូចខាត ដល់សហគ្រាស ដែលធ្វើអាជីវកម្ម នៅទូទាំងពិភពលោក ។

លើសពីនេះទៀត ទង្វើរបស់សហភាពអឺរុប ក៏នឹងធ្វើឱ្យខូចខាតដល់ការធ្វើបដិវត្តកម្មបៃតង របស់ខ្លួននិងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ទល់ នឹង បម្រែបម្រួល អាកាសធាតុសកលផងដែរ។ នាពេលបច្ចុប្បន្ន សហភាពអឺរ៉ុប បានកំណត់គោលដៅ សម្រាប់រដ្ឋសមាជិកចំនួន២៧ ខ្លួនស្តីពីការសម្រេច បាននូវការកាត់បន្ថយការបញ្ចេញ កាបូន៥៥ភាគរយ នៅឆ្នាំ២០៣០ និងសម្រេចបាននូវការបញ្ចេញកាបូន សូន្យនៅឆ្នាំ២០៥០ ។ ប៉ុន្តែដោយសារការច្នៃប្រឌិតថ្មី មិនគ្រប់គ្រាន់ និងការចំណាយខ្ពស់ជាដើម ដំណើរការធ្វើបដិវត្តកម្មបៃតង របស់សហភាពអឺរុបត្រូវបានរារាំង។ មជ្ឈដ្ឋានឧស្សាហកម្មរថយន្តយល់ឃើញថា ប្រទេសចិនមានបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលទាក់ទិន នឹងការអភិវឌ្ឍបៃតង ប្រសិនបើសហភាពអឺរ៉ុប ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ក្នុងវិស័យរថយន្តអគ្គិសនី នោះនឹងធ្វើឱ្យស្ថានភាព កាន់តែអាក្រក់ទៅៗ ។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ទង្វើរបស់សហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យភាពបែកបាក់គ្នាផ្ទៃ ក្នុងកាន់តែធ្ងន់ធ្ងរ និងបង់តម្លៃខាងនយោបាយ។ នាពេលបច្ចុប្បន្ននេះ អឺរុបប្រឈមនឹង បញ្ហាជាច្រើនដូចជាអតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខថាមពល ការងើបឡើង នៃកម្លាំងពួកស្តាំនិយម និងភាពប្រេះស្រាំ ក្នុងសង្គម កាន់តែធ្ងន់ធ្ងរ ។ ជុំវិញការដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិន នៅផ្ទៃក្នុងសហភាពអឺរ៉ុប មានការខ្វែងគំនិត ។ លោកOrbanនាយករដ្ឋមន្រ្តីហុងគ្រី និងលោក Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានលើកឡើងម្តងហើយម្តងទៀតថា ទង្វើនេះនឹងធ្វើឱ្យខូចខាត ដល់កម្លាំងប្រកួតប្រជែង ផ្ទាល់ខ្លួន របស់សហភាពអឺរុប ។ លោកAlexander Stubbប្រធានាធិបតីហ្វាំងឡង់ បានលើកឡើងថា”យើងគួរជៀសវាង កុំចូលទៅក្នុងវដ្តដ៏អាក្រក់ នៃការតម្លើងពន្ធគយ និងធ្វើឱ្យវិវាទពាណិជ្ជកម្ម កាន់តែខ្លាំងឡើង” ។

អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា ភាគីអឺរ៉ុប បានថ្លែងថា នឹងបន្តធ្វើកិច្ចចរចាជាមួយប្រទេសចិនស្តីពីកិច្ចសន្យាខាងតម្លៃ។ជានិច្ចកាល ភាគីចិនតែងតែផ្តួចផ្តើមឱ្យ ដោះស្រាយវិវាទពាណិជ្ជកម្មតាមរយៈកិច្ចសន្ទនា និងការពិគ្រោះពិភាក្សា ហើយសង្ឃឹមថា សហភាពអឺរុបនឹងដើរស្រប តាមទិសដៅដូចគ្នាជាមួយចិន គិតគូរពីទុក្ខកង្វល់រៀងៗខ្លួន និងឈានដល់ដំណោះស្រាយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបានក្នុងពេលឆាប់ៗ។ ពួកគេត្រូវស្តាប់សំឡេង ប្រកបដោយវិចារណញ្ញាណ នៅផ្ទៃក្នុងនិងការទាមទារពិតប្រាកដ របស់សហគ្រាស ៖ “យើងមិនត្រូវការពន្ធគយទេ យើងត្រូវការក្បួន ច្បាប់ពាណិជ្ជកម្ម ដ៏យុត្តិធម៌” ៕

To Top