បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីកូរ៉េខាងត្បូង លោក Kim Yong-hyun កាលពីថ្ងៃពុធ បានជំរុញឱ្យកូរ៉េខាងជើង ឱ្យដកទ័ពប្រមាណ ១០.០០០នាក់ ចេញពីប្រទេសរុស្ស៊ី ដែលប្រទេសទាំងពីរជឿថា នឹងធ្វើសង្គ្រាមជាមួយរុស្ស៊ី ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Austin បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាមួយ នៅមន្ទីរបញ្ចកោណថា “ពួកគេកំពុងធ្វើបែបនេះ ដោយសារតែប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបាត់បង់កងទ័ពច្រើន ទាហានច្រើន ហើយអ្នកដឹងទេ គាត់មានជម្រើស ក្នុងការយកមនុស្សផ្សេងទៀតមកជួយគាត់ ឬគាត់អាចប្រមូលផ្តុំទាហានបាន ហើយលោកមិនចង់ ប្រមូលផ្តុំទេ ពីព្រោះពេលនោះប្រជាជននៅក្នុងប្រទេសរុស្ស៊ី នឹងចាប់ផ្តើមយល់ពីទំហំ នៃការខាតបង់របស់គាត់ ពីការខាតបង់របស់ពួកគេ។
មន្ត្រីអាមេរិកបាននិយាយថា ទាហានរុស្ស៊ីជាងកន្លះលាននាក់ បានស្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការឈ្លានពានខុសច្បាប់ ពេញលេញ របស់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ពួកគេនិយាយថា រុស្ស៊ីឥឡូវកំពុងងាកទៅរដ្ឋកូរ៉េខាងជើង ដែលអន្តរជាតិមិនរាប់រក ដើម្បីពង្រឹងកម្លាំងរបស់ខ្លួន។
លោក Kim Yong-hyun រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បាននិយាយថា “លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង មិនស្ទាក់ស្ទើរក្នុងការលក់យុវជន និងកងទ័ពរបស់គាត់ចេញជាទាហានស៊ីឈ្នួលនោះទេ” ។ លោកជឿថាសកម្មភាពបែបនេះជាឧក្រិដ្ឋកម្មសង្គ្រាមដែលមិនត្រឹមតែប្រឆាំងនឹងមនុស្សធម៌ទេ ប៉ុន្តែក៏ប្រឆាំងនឹងសន្តិភាពផងដែរ»។
បណ្តាប្រទេសលោកខាងលិចបានសម្តែងការព្រួយបារម្ភ អំពីអ្វីដែលរបបរបស់លោក គីម ជុងអ៊ុន នឹងទទួលបានជាថ្នូរ នឹងការសងត្រលប់ពីទីក្រុងមូស្គូ សម្រាប់កងទ័ពរបស់ខ្លួន។ កូរ៉េខាងជើងស្ថិតនៅក្រោមការ ដាក់ទណ្ឌកម្មអន្តរជាតិចំពោះកម្មវិធីមីស៊ីលផ្លោងនុយក្លេអ៊ែរខុសច្បាប់របស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាននិយាយថា វាទំនងជាថាកូរ៉េខាងជើង នឹងស្វែងរកអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលផ្លោង អន្តរទ្វីបជាថ្នូរនឹងការបញ្ជូនកងទ័ព ដែលបង្កើនការគំរាមកំហែងផ្នែក សន្តិសុខនៅលើឧបទ្វីប និងជុំវិញពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា