ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់សាកល្បង មីស៊ីល ផ្លោងរយៈចម្ងាយឆ្ងាយ និងបានធ្លាក់ចូលសមុទ្រ ខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន

xinhua

បរទេស៖ កូរ៉េខាងត្បូង និង ជប៉ុន បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើត របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបាញ់សាកល្បងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូលបានរាយការណ៍ថា កូរ៉េខាងជើងកំពុងរៀបចំការ បាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះសាកល្បង គឺចេញពីតំបន់មួយនៅជិតរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើងនៅម៉ោង 7:10 ព្រឹក (2210 GMT) ។ ក្រោយមក រដ្ឋាភិបាលជប៉ុនបាននិយាយថា មីស៊ីលបានធ្លាក់ចូលទៅក្នុងសមុទ្រនៅម៉ោង 8:37 ព្រឹក (2337 GMT) ។

អគ្គសេនាធិការចម្រុះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាត្រូវបានគេជឿថា មីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលត្រូវបានបាញ់នៅជ្រុងដែលខ្ពស់” ។

មុននេះ រដ្ឋាភិបាលជប៉ុនបាននិយាយថា មីស៊ីលនេះត្រូវបានគេរំពឹងថា នឹងធ្លាក់នៅចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងលិចនៃកោះ OKUSHIRI របស់ខ្លួន ចេញពីតំបន់ HOKKAIDO ភាគខាងជើង នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងឆ្ពោះទៅឆ្នេរសមុទ្ររុស្ស៊ី។

នាយករដ្ឋមន្ត្រីជប៉ុន លោក SHIGERU ISHIBA ក្រោយមកបាននិយាយថា មិនមានរបាយការណ៍ខូចខាតពីការបាញ់បង្ហោះនេះនោះទេ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក GEN NAKATANI បាននិយាយថា ប្រទេសជប៉ុនថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កូរ៉េខាងជើង ដែលបានគំរាមកំហែងមិនត្រឹម តែប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងសហគមន៍អន្តរជាតិផងដែរ។ លោកបាននិយាយថា ពេលវេលាហោះទំនងជាវែងបំផុត នៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ហើយអាចជាមីស៊ីលប្រភេទថ្មី៕
ប្រែសម្រួលៈ ណៃ តុលា

To Top