ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ស្នើឱ្យពលរដ្ឋពង្វាងចរាចរ ជុំវិញវិមាន៧មករា ក្នុងពេលក្រុងពាលី និងដង្ហែអង្គកឋិនទាន​ មហាសាមគ្គីគ្រួសារខ្មែរ ឆ្ពោះទៅខ្មែរក្រោម

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្រារព្ធពិធីអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ​ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទីរសៀល ដោយនឹងជួបជុំប្រារព្ធ ពិធីក្រុងពាលី ស្ថិតនៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

លុះនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៥:០០នាទីព្រឹក នឹងមានរៀបចំពិធីដង្ហែអង្គកឋិនទាន​ មហាសាមគ្គី គ្រួសារ ខ្មែរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយដង្ហែចេញពីវិមាន ៧មករា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រារព្ធពិធី ក្រុងពាលី និងពិធីដង្ហែអង្គកឋិនទានខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ ជុំវិញទីតាំងប្រារព្ធពិធីខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះ នឹងមានចរាចរមមាញឹកខ្លាំង ៕

To Top