ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍ហាមឃាត់ ការធ្វើដំណើរចូលកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេស នៃប្រទេសណាមួយឡើយ ។
តាមរយៈបំភ្លឺរបស់ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានសាធារណមតិមួយចំនួន បានលើកឡើងថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជា និងមិនផ្តល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេសសញ្ជាតិឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស និងឥណ្ឌូនេស៊ី។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ធ្វើការបញ្ជាក់ជូនថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍ ហាមឃាត់ការធ្វើដំណើរ ចូលព្រះរាជាណាចក្រកកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេស នៃប្រទេសណាមួយឡើយ រួមទាំងជនបរទេសសញ្ជាតិ ខាងលើផងដែរ» ។
អ្នកនាំពាក្យ បន្ដថា ប៉ុន្តែផ្អែក តាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងអនុក្រឹត្យ ស្តីពីបែបបទសម្រាប់អនុវត្ត ចំពោះការអនុញ្ញាតឱ្យជនបរទេស មិនមែនអន្តោប្រវេសន្ត ចូល ចេញ និង ស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សមត្ថកិច្ចនគរបាល អន្តោប្រវេសន៍ អាចបដិសេធជនបរទេស ណាម្នាក់ចូលព្រះរាជាណាចក្រកម្ពុជា ឬមិនផ្តល់ទិដ្ឋាការ ស្នាក់នៅបណ្តោះអាសន្ន ក្នុងករណីដែលមិនបាន បំពេញត្រឹមត្រូវតាមលក្ខខណ្ឌ ដែលបានចែងក្នុងច្បាប់ និងអនុក្រឹត្យដូច បានបញ្ជាក់ជូនខាងលើ ដូចជា៖ ប្រវត្តិ នៃការធ្វើដំណើរមិនច្បាស់លាស់ ឬគោលបំណង នៃការធ្វើដំណើរ មិនច្បាស់លាស់ ឬខ្វះលទ្ធភាពចិញ្ចឹមខ្លួនក្នុង ពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគ្មានអ្នកធានាជួយដោះស្រាយ ឬអាជ្ញាធរសមត្ថកិច្ចមានហេតុ ផលគ្រប់គ្រាន់ជឿថា នឹងប្រព្រឹត្ត ឬបានប្រព្រឹត្តសកម្មភាពធ្វើឱ្យខូចផលប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈសីលធម៌សង្គម និងធ្វើសកម្មភាពប៉ះពាល់ ដល់សន្តិសុខជាតិ អន្តរជាតិ ៕