នាពេលថ្មីៗកន្លងទៅនេះ ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា ដែលជាសកម្មភាព ផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ដែលបានប្រារព្ធ ធ្វើនៅក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន ទទួលបានចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីប្រទេសកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារ ជាច្រើនលើកអំពីការ សម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជានៅបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ ផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញលើកនេះ ទៅកាន់ពិភពលោកទាំងមូល ។
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាចំណែកដ៏សំខាន់សម្រាប់ប្រទេសទីទៃគ្នា តំបន់ទីទៃគ្នានិងជនជាតិទីទៃ គ្នាធ្វើការផ្លាស់ប្តូរខាងវប្បធម៌ ដែលបានដើរតួនាទីជាស្ពាននិងខ្សែចំណងក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ ។ ឆ្នាំនេះ ជា “ឆ្នាំផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជនកម្ពុជា-ចិន” ក្រោមការយកចិត្តទុកដាក់ និងជំរុញដោយផ្ទាល់ ពីថ្នាក់ដឹកនាំ នៃភាគីទាំងពីរ ប្រទេសទាំងពីរចិននិងកម្ពុជា បានរួមគ្នាធ្វើការ ផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ដ៏សម្បូរបែបលើ វិស័យកីឡា វប្បធម៌ ទេសចរណ៍និងអប់រំជាដើម ។
ដូចប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែង ក្នុងឱកាសអញ្ជើញ អបអរសាទរ សមិទ្ធផល កែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារ បរិក្ខារអប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិនថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មី ទំនាក់ទំនងរវាងចិននិងកម្ពុជា បានឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍រួម វាសនាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និង ស្តង់ដារខ្ពស់ ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ យោងតាមកិច្ចកសាងសហគមន៍រួម វាសនារវាងចិន និងកម្ពុជាមានភាពកាន់ តែជាក់ស្តែងនិង កាន់តែស៊ីជម្រៅ កិច្ចសហប្រតិបតិ្តការ ជាក់ស្តែងក្នុងគ្រប់វិស័យ រវាងប្រទេសទាំងពីរ ទទួលបានការរីកចម្រើនដ៏ល្អប្រសើរ ។ ជាពិសេស គឺរដ្ឋាភិបាល នៃប្រទេសទាំងពីរចិន និងកម្ពុជា បានជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបតិ្តការ លើវិស័យពាណិជ្ជកម្មនិងវិនិយោគ មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាមានភាព កាន់តែជិតស្និទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ ។ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិន និង កម្ពុជា បានចូលជាធរ មាននិងចាប់ផ្តើមអនុវត្ត ជាផ្លូវការនៅឆ្នាំ២០២២មក ពាណិជ្ជកម្មទ្វេភាគី បានកើនឡើង យ៉ាងឆាប់រហ័ស ។ យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង១១,១៤ ប៊ីលានដុល្លារអាមេរិក កើនឡើង ២២,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,២៧ ប៊ីលានដុល្លារអាមេរិក កើនឡើង ២០ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ទំនិញនាំចេញសំខាន់ គឺអង្ករ ចេក ស្វាយ និងដំឡូងមីជាដើម ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិន និងកម្ពុជាបានផ្តល់ ឱកាសទីផ្សារ កាន់តែច្រើន សម្រាប់ឱ្យកម្ពុជា ពង្រីកផលិតកម្មកសិកម្ម និងការកែច្នៃកសិផល ។
ក្រៅពីនេះ បន្ទាប់ពីបញ្ចប់ការរីករាលដាល នៃជំងឺកូវីដ១៩ វិស័យទេសចរណ៍កម្ពុជា មាននិន្នាការងើបឡើងវិញ យ៉ាងច្បាស់លាស់ ចំនួន អ្នកទេសចរចិនបានកើនឡើងដោយនឹងនរ ។ ក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ កម្ពុជាបានទទួលអ្នក ទេសចរចិន ចំនួន៥៣៨០០០នាក់ បានកើនឡើង៤៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ មន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ការកើនឡើងនៃចំនួនភ្ញៀវ ទេសចរចិន មិនត្រឹមតែជាឱកាស សម្រាប់ជំរុញការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសសម្រាប់ជំរុញ ការវិនិយោគនិងការ អភិវឌ្ឍលើគ្រប់វិស័យ របស់ប្រទេសកម្ពុជាផងដែរ ។
របាយការណ៍របស់ធនាគារ ពិភពលោក ដែលចេញផ្សាយ នៅខែមិថុនាឆ្នាំនេះ បានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ ប្រទេសចិន ជាប្រភពប្រាក់ទុន បរទេសធំជាងគេ របស់ប្រទេសកម្ពុជាជាប់រហូត ដែលបានជំរុញការអភិវឌ្ឍ របស់កម្ពុជាយ៉ាងខ្លាំងក្លា ។ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”មុនគេនិង ចូលរួមមុនគេ ។ ក្នុងដំណើរការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រទេសទាំងពីរចិននិងកម្ពុជា បានកសាងគម្រោងសំខាន់ៗជាច្រើន ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះ សីហនុជាដើម ។
ប៉ុន្តែ ដោយគិតពីភូមិសាស្ត្រ នយោបាយនិងទស្សនៈ មនោគមវិជ្ជា ប្រទេសមួយចំនួនតូចបានរកគ្រប់មធ្យោបាយ ដើម្បីរិះគន់និងមួលបង្កាច់ គំនិតផ្តួចផ្តើមនេះ ដោយបានអះអាងថា កិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”បានបង្កបង្កើត អន្ទាក់បំណុល ។ ចំពោះបញ្ហានេះ ដៃគូសហប្រតិបត្តិការក្នុងកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”មានសិទ្ធិបញ្ចេញមតិបំផុត ។ ខណៈពេលផ្តល់បទសម្ភាសណ៍តាមប្រព័ន្ធវីដេអូជាមួយទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មនៃអ្នកប្រើប្រាស់អាមេរិក លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ចិន មិនបានជះឥទ្ធិពលអាក្រក់ ឬធ្វើឱ្យកម្ពុជាធ្លាក់ ទៅក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែវាបានផ្តល់មូលនិធិដ៏ច្រើនសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។ សម្តេច ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក៏ធ្លាប់និយាយត្រង់ៗថា បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា នរណាជួយសាងសង់ផ្លូវនិងស្ពានឱ្យកម្ពុជា ? ប្រទេសចិនបានផ្តល់ជំនួយយ៉ាងច្រើន សម្រាប់កសាងហេដ្ឋារចនា សម័្ពន្ធរបស់កម្ពុជា ហើយបានជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ។
មិត្តភក្តិ៍ពិតប្រាកដ ជាសាក្សី នៃពេលវេលា ឆ្លងកាត់បម្រែបម្រួលអន្តរជាតិ ចំណងមិត្តភាពអាចឆ្លងសតវត្សរ៍ ហើយឆ្លងកាត់ពេលវេលារឹត តែយូររឹតតែរឹងមាំ ។ មិត្តភក្តិ៍ពិតប្រាកដ ក៏ជាអ្នករួមដំណើរនៅពេលអនាគតដែរ ក្រោមការណែនាំជាយុទ្ធសាស្ត្រ ពីថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងពួតដៃគ្នា បន្តវេនមិត្តភាពដែកថែប នៅចន្លោះអភិវឌ្ឍន៍ កាន់តែទូលំទូលាយ ហើយនឹងចារទំព័រថ្មី នៃមេត្រីភាព!