ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ឯកសារចំនួន២៩ ដែលមន្ដ្រីច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ ទទួលបញ្ជាក់ជូន លោក-អ្នក

ភ្នំពេញ ៖ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការងារនីត្យានុកូលកម្ម ឬការបញ្ជាក់លើ ឯកសារថតចម្លង ជាឯកសារចំបាច់ណាស់សម្រាប់ សិស្សានុសិស្ស បុគ្គលិក អាជីវករលក់ដូរ មន្រ្តីរាជការ ជារួមប្រជាពលរដ្ឋខ្មែរ សម្រាប់ប្រើប្រាស់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។

នៅតាមបណ្ដាច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ យ៉ាងហោចណាស់មានឯកសារចំនួន២៩ប្រភេទ ដែលមន្រ្តីទទួលផ្ដល់ការបញ្ជាក់នីត្យានុកូលកម្ម។

ឯកសារថតចម្លងទាំងនោះ រួមមាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាកំរិតទី១ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាកំរិតទី២ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របញ្ជាក់ទី១២ វិញ្ញាបនបត្របចុះបញ្ជីអាករលើតម្លៃបន្ថែម វិញ្ញាបនបត្រប្រកបអាជីវកម្ម ប័ណ្ណប៉ាតង់ និងវិញ្ញាបនបត្រ។

ជាមួយគ្នានេះ ក៏មានលិខិតផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី លិខិតបញ្ជាក់លទ្ធផល នៃការប្រលងសញ្ញាបត្រមធ្យមសិក្សាកំរិត១ សញ្ញាបត្រមធ្យមសិក្សាកំរិត២( បំពេញវិជ្ជា) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ សញ្ញាបត្រមធ្យមសិក្សា សញ្ញាបត្រគ្រូបង្រៀនកំរិតឧត្តម ព្រឹត្តិលទ្ធផលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។

ក្រៅពីនេះ ក៏មាន លិខិតបញ្ជាក់ការសិក្សា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសំគាល់យានយន្ត ប័ណ្ណបើកបររងយន្ត ព្រឹត្តបត្រពិន្ទុ ពាក្យសុំបញ្ជាក់សញ្ញាបត្រមអធ្យមសិក្សាកំរិត២ចំណេះដឹងទូទៅ វិញ្ញាបនបត្របណ្តោះអាសន្ន ថ្នាក់បរិបត្ររងផងដែរ ។ ចំពោះតម្លៃសេវាវិញទៀតសោត លិខិតមួយចំនួនមិនត្រូវ បានគិតកម្រៃនោះទេ ហើយលិខិតបញ្ជាក់ផ្សេងទៀត គិតត្រឹមតែ១០០០រៀលប៉ុណ្ណោះក្នុង១សន្លឹក។

សូមបញ្ជាក់ថា ក្រៅពីសេវានីត្យានុកូលកម្ម ឬបញ្ជាក់ឯកសារ ច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ក៏មានផ្ដល់សេវា ផ្សេងទៀតដែរ រួមមាន ការងាររដ្ឋបាល ការងារអត្រានុកូលដ្ឋាន វិស័យវប្បធម៌និងវិចិត្រសិល្បៈ វិស័យអប់រំ យុវជន និងកីឡា វិស័យទេសចរណ៍ វិស័យសំណង់ ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី វិស័យឧស្សាហកម្ម សិប្បកម្ម រ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យសុខាភិបាល វិស័យសាធារណការនិងដឹកជញ្ជូន និងវិស័យកសិកម្ម៕

To Top