ភ្នំពេញ៖ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយ ដល់កុមារក៏ដូចឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រុកជួសជុលផ្លាស់ប្តូរសម្ភារៈថ្មី សម្រាប់កុមារលេង និងកែលម្អរសួនកុមារវត្តភ្នំ ក៏ដូចជាសួនកុមារមុខវត្តបុទុមវតី ធ្វេីយ៉ាងណាឱ្យរួចរាល់ ពិធីនេះមកដល់។
យោងតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី៤វិច្ឆិកានេះថា ដោយមានការគិតគូរ យ៉ាងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបានណែនាំឱ្យផ្នែកជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការ ជួសជុល ផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេង ដោយធ្វើការកែលម្អរ សួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតី ឱ្យបានស្អាតនិងមានសោភ័ណ្ឌភាពល្អឡើងវិញ សម្រាប់កុមារមកលេងកម្សាន្តក្នុងព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ។
មន្ត្រីដដែរបានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារ មុខវត្តបទុមវតីនេះកន្លងមក សម្ភារៈសម្រាប់ក្មេងលេងមានការសឹករិចរិល ដូចជា បាដាងដុំបង្វិល និងរបករបេីកថ្នាំជាដេីម ដែលត្រូវធ្វេីការផ្លាស់ប្ដូរថ្មី និងជួសជុលផ្នែកខ្លះ ព្រមទាំង លៀងសម្អាតបាញ់ថ្មាំឡេីងវិញ ឱ្យបានស្អាតនិងមានសោភណ្ឌភាពដូចថ្មី ។
ការងារជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេង និងកែលម្អរនៅសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីនេះ បានចាប់អនុវត្តតាំងពីថ្ងៃទី៣០ ខែតុលា ២០២៤ ដែលក្រុមការងារ កំពុងខិតខំ ឱ្យរួចរាល់ មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ១៤ដល់១៦វិច្ឆិកាខាងមុខនេះ៕