ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ ត្រៀមទូក «ង» ៣ គ្រឿង ប្រកួតដណ្តើមជ័យលាភី នៅឯរាជធានីភ្នំពេញ

ពោធិ៍សាត់÷លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមយកទូក «ង» ប្រភេទបុរស ចំនួន ៣ គ្រឿង ដែលសុទ្ធសឹងជាទូក ធ្លាប់បានដណ្តើមជ័យលាភី ជូនខេត្តកន្លងមក ដើម្បីចូលរួមប្រកួតប្រជែង នៅឯរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ រយ:ពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកអភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងចែកឯកសណ្ឋានជូនដល់ចំណុះទូក «ង» រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង ជាទូករបស់លោកស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ជា ខេង ស៊ុយសែម ក្រោមការឧបត្ថម្ភទាំងស្រុងពីសំណាក់ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា និងអ្នកឧកញ៉ា គៀន ស្រីនាង។

គួរជម្រាបជូនថា ទូក «ង» ប្រភេទបុរស ចំនួន ៣ គ្រឿង ដែលត្រូវចូលរួមប្រកួតប្រជែង នៅឯរាជធានីភ្នំពេញ រួមមាន៖
ទី១៖ ទូក «រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង» ឧបត្ថម្ភដោយ លោកអ្នកឧកញ៉ា ទ្រី ភាព ។
ទី២៖ ទូក «តេជោសែនជ័យបារមីឃ្លាំងមឿង» ឧបត្តម្ភដោយរដ្ឋបាលខេត្តពោធិ៍សាត់ ។
ទី៣៖ ទូក «តេជោកែវវិជ័យបារមីចៅសែន» ឧបត្តម្ភដោយរដ្ឋបាលខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៏បានបន្តចុះពិនិត្យមើលទូក «ង» មួយគ្រឿងទៀតឈ្មោះ “តេជោសែនជ័យបារមីឃ្លាំងមឿង” ព្រមទាំងចុះត្រួតពិនិត្យការរៀបចំបរិស្ថានសិក្សាអប់រំ និងតម្រង់ទិស ដល់ក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ៕

To Top