បរទេស៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទ (ទី 4 ខែវិច្ឆិកា) ថា ភ្នំភ្លើងមួយ ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងនៅពេលយប់ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០នាក់ ខណៈដែលភ្នំភ្លើងបានបញ្ចេញដុំភ្លើង និងផេះទៅលើភូមិដែលស្ថិតនៅជុំវិញវា ខណៈពួកគេបាន បង្កើនស្ថានភាព ប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្នំភ្លើង Lewotobi Laki-Laki ដែលជាភ្នំភ្លើងភ្លោះកម្ពស់ ១.៧០៣ ម៉ែត្រ ស្ថិតនៅលើកោះទេសចរណ៍ ដ៏ពេញនិយម Flores បានផ្ទុះឡើងជាលើកដំបូងភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ ដោយបង្ខំឱ្យអាជ្ញាធរ ជម្លៀសភូមិជាច្រើនចេញ។
អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ លោក Abdul Muhari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ចំនួនអ្នកស្លាប់ពីការផ្ទុះ Lewotobi Laki-Laki ឥឡូវនេះគឺ ១០ នាក់” ។ វីដេអូដែលទទួលបានដោយ AFP បានបង្ហាញភូមិនានានៅជិតភ្នំភ្លើងគ្របដណ្តប់ដោយផេះដ៏ក្រាស់ ជាមួយនឹងតំបន់ខ្លះឆេះ។
អ្នកកាសែត AFP នៅជិតភ្នំភ្លើងបាននិយាយថា ភូមិចំនួនប្រាំត្រូវបានជម្លៀសប្រជាជនចេញ ដែលប៉ះពាល់ដល់អ្នកស្រុករាប់ពាន់នាក់។ ផ្ទះឈើខ្លះត្រូវភ្លើងឆេះ ហើយដីមានប្រហោងដែលបង្កឡើងដោយដុំដែលកំដៅខ្លាំង។
អាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ហើយបានប្រាប់អ្នកស្រុក និងអ្នកទេសចរកុំឲ្យធ្វើសកម្មភាពក្នុងរង្វង់ ៧ គីឡូម៉ែត្រនៃភ្នំភ្លើង៕
ប្រែសម្រួលៈ ណៃ តុលា