ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអគ្គនាយករង នៃមន្ទីរពេទ្យកាល់ម៉ែត រួមមួយ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃ៥ វិច្ឆិកា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ដែលបានប្រពឹត្ត ទៅរយៈពេល ១ថ្ងៃពេញ។
សិក្ខាសាលាពិគ្រោះយោបល់នេះ បានទទួលជោគជ័យ និង លទ្ធផលផ្លែផ្កាគួរជាទីមោទក ។ ក្រោយពីមានការ បង្ហាញខ្លឹមសារ នៃសេចក្តីព្រាង ដោយតំណាងក្រុមការងារកសាងផែនការនេះ ទៅកាន់សិក្ខាកាមចំនួន៨២នាក់ ដែលរួមមានថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកនៅមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងអង្គការសុខភាពពិភពលោក អង្គការ City Cancer Challenge Foundation តំណាងធនាគារពិភពលោក និង អង្គការដៃ គូរអភិវឌ្ឍន៍ផ្សេងៗ ក្នុងនោះ ក៏បានរៀបចំក្រុមការងារ បានបែងចែក ឱ្យមានការពិភាក្សា លើប្រធានបទចំនួន ៧ក្រុម៖ ការធ្វើរោគវិនិច្ឆ័យរូបភាពវេជ្ជសាស្រ្ត និងវេជ្ជសាស្រ្តនុយក្លេអ៊ែរ , ការធ្វើរោគវិនិច្ឆ័យ តាមវិភាគរោគសាស្រ្ត , ការព្យាបាលជំងឺមហារីកតាមបែបវេជ្ជសាស្រ្ត និងដោយកាំរស្មី , ការព្យាបាលដោយ សល្យសាស្រ្ត , ជំងឺមហារីកកុមារ , ការថែទាំសម្រន់
និងយន្តការគាំទ្រ។
សិក្ខាកាមម្នាក់ៗ បានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាដោយពិនិត្យសកម្មភាពយុទ្ធសាស្រ្តនីមួយៗ កែសម្រួលខ្លឹមសារ និងដាក់បន្ថែមធាតុចូល ទៅក្នុងសេចក្តីព្រាងនេះឱ្យកាន់តែមានភាព គ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា។ លទ្ធផល នៃការពិភាក្សា ពីក្រុមនីមួយៗត្រូវបានបង្ហាញទៅកាន់អង្គពីធីទាំងមូល និងត្រូវបានសំយោគ និងដាក់បង្ហាញ ទៅកាន់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលជាគណៈអធិបតី ដោយប្រធានក្រុមការងារ។
លោកសាស្រ្តាចារ្យ ហ៊ុន ចំរើន ក៏បានលើកឡើងថា សិក្ខាសាលានេះ គឺជាជំហ៊ានមួយដ៏សំខាន់ សម្រាប់ការកសាង ផែនការជាតិ ប្រយុទ្ធនឹងជំងឺមហារីកនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និង ប្រាកដប្រជាសម្រាប់ការអនុវត្តន៍ និងសម្រេច បានការប្រយុទ្ធនឹងជំងឺមហារីក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សាស្រ្តាចារ្យ ក៏បានសង្កត់បន្ថែមថា «សូមកុំយកវិជ្ជាជីវៈពេទ្យ ទៅធ្វើជាមុខជំនួញ!» ដើម្បីឱ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត ទាំងអស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជាប់ជានិច្ច៕