ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុងម៉ូស្គូ មិនបានបញ្ចេញមតិយោបល់ ណាមួយអំពីលោក ដូណាល់ ត្រាំ ដែលបានប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកឆ្នាំ២០២៤ ខណៈឥស្សរជនកាន់ អំណាចរបស់ក្រុង វ៉ាស៊ីនតោន នៅតែបន្តរក្សារបៀបវារៈប្រឆាំងនឹង រុស្ស៊ី ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនមានការលើកឡើង អំពីប្រធានាធិបតី សហរដ្ឋអាមេរិកជាប់ឆ្នោតទេ … និងសមាសភាពថ្មីនៃសភា” ។ “ឥស្សរជននយោបាយ ដែលកំពុងកាន់អំណាច របស់សហរដ្ឋអាមេរិក ដោយមិនគិតពីការជាប់ពាក់ព័ន្ធក្នុងបក្ស រក្សាអាកប្បកិរិយាប្រឆាំងនឹងរុស្ស៊ី និងគោលនយោបាយ នៃការទប់ស្កាត់ក្រុងម៉ូស្គូ” ។
ក្រសួងបានឲ្យដឹងថា ករណីនេះនៅតែមិនផ្លាស់ប្តូរ ដោយមិនគិតពីការផ្លាស់ប្តូរ នៅក្នុងទិដ្ឋភាពនយោបាយ ក្នុងស្រុករបស់សហរដ្ឋអាមេរិក ថាតើ ក្រុងវ៉ាស៊ីនតោនបន្តគោល នយោបាយ “អាមេរិកដំបូង” របស់លោក ត្រាំ ឬគំនិតនៃ “ការរៀបសណ្តាប់ធ្នាប់ ពិភពលោកដោយផ្អែកលើច្បាប់” ដែលក្រុមអ្នកប្រជាធិបតេយ្យ បានផ្តោតទៅលើនោះ ។
ក្រសួងខាងលើ បានឲ្យដឹងទៀតថា “រុស្ស៊ី នឹងធ្វើការជាមួយរដ្ឋបាលថ្មី … ការពារយ៉ាងរឹងមាំនូវផលប្រយោជន៍ជាតិរបស់រុស្ស៊ី និងផ្តោតលើការសម្រេច បាននូវគោលដៅទាំងអស់ នៃប្រតិបត្តិការយោធាពិសេស” ។
លោក ត្រាំ បានប្រកាសជ័យជម្នះ នៅក្នុងការបោះឆ្នោត ប្រធានាធិបតី សហរដ្ឋអាមេរិកឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃពុធ ខណៈសារព័ត៌មាន Fox News បានព្យាករណ៍ថា រូបគាត់ទទួលបានការបោះឆ្នោតចំនួន២៧៧ មណ្ឌលបោះឆ្នោត ។ យ៉ាងហោចណាស់ត្រូវការ ចំនួន២៧០ មណ្ឌលបោះឆ្នោត ដែលតម្រូវឲ្យមានការបោះឆ្នោត ដើម្បីដណ្តើមតំណែង ប្រធានាធិបតីសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា