តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា លោកបានយល់ព្រម ក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក អាណត្ដិទី២ ដែលជាអាណត្ដិមិនជាប់គ្នា លោក ដូណាល់ ត្រាំ ដើម្បីបើកកិច្ចប្រជុំកំពូល នាពេលឆាប់ៗនេះ ខណៈដែលបញ្ជាក់ថា មេដឹកនាំទាំងពីរនឹងធ្វើការ ដើម្បីលើកកម្ពស់ សម្ព័ន្ធភាពទ្វេភាគី។
បន្ទាប់ពីគណបក្សសាធារណរដ្ឋ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី សហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីជប៉ុន ដែលបានក្លាយជា នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែតុលា ថ្មីៗនេះបានប្រាប់អ្នកសារព័ត៌មាន នៅការិយាល័យរបស់លោកថា “ខ្ញុំបានទទួលការ ចាប់អារម្មណ៍” ដែលថា លោក ត្រាំ គឺ “រួសរាយរាក់ទាក់” និងជាមនុស្សម្នាក់ដែល “ខ្ញុំអាចនិយាយដោយស្មោះត្រង់ជាមួយ” ។
ជំនួបរវាងមេដឹកនាំកំពូលទាំងពីរ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ដែលជាបេក្ខជន គណបក្សសាធារណរដ្ឋ បានយកឈ្នះលោកស្រី កាម៉ាឡា ហារីស បេក្ខជនគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ហើយការចូលកាន់តំណែងជាថ្មី របស់លោក ត្រាំ ទំនងជានឹងធ្វើឲ្យកំដៅនយោបាយ ពិភពលោកមានការថមថយឡើងវិញ ក្រោយពីជួបការតានតឹងខ្លាំង ដោយសារតែសង្គ្រាម អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ ហ្គាហ្សា លីបង់ និងយេម៉ែនជាដើម ជាពិសេស សូម្បីតែតម្លៃមាសពិភពលោក ក៏បានធ្លាក់ចុះយ៉ាង គំហុគផងដែរ ភ្លាមៗក្រោយពីលោកជាប់ឆ្នោត៕
ប្រែសម្រួល ឈូក បូរ៉ា