ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា ចាត់ទុកមន្រ្តីការទូត ជាអ្នកដែលឈរ នៅសមរភូមិជួរមុខ ក្នុងកិច្ចការពារផល ប្រយោជន៍និង គុណតម្លៃ របស់ប្រទេសជាតិ

ភ្នំពេញ ៖ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានចាត់ទុកមន្រ្តីការទូត ជាអ្នកដែលឈរ នៅសមរភូមិជួរមុខ ក្នុងកិច្ចការពារផល ប្រយោជន៍និងគុណត ម្លៃរបស់ប្រទេសជាតិ ទៅលើឆាកអន្តរជាតិ ។

ការបញ្ជាក់របស់សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលអនុញ្ញាតឱ្យឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ចំនួន៤រូប ដែលទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសក កម្មការទូតនៅលើឆាកអន្តរជាតិ ។

នៅក្នុងជំនួប សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរ និងគំាទ្រពេញទំហឹង ចំពោះលោក លោកស្រី ឯកអគ្គរាជ ទូតទាំង ០៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ម៉ត់ចត់និងប្រកបដោយ ថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសនានា នៅលើសកលលោក ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ៖«ជាមន្រ្តីការទូត ជាតំណាងឱ្យជាតិទំាងមូល នៅលើឆាកអន្តរជាតិ និងជាអ្នកដែលឈរ នៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។ បេសកកម្មការទូត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងខាងក្នុងប្រទេស ដើម្បីការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ»។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា លោក លោកស្រី ដែលពោរពេញ ដោយសមត្ថភាព និងបទពិសោធន៍ លើការងារការទូតនេះ នឹងបំពេញបេសកកម្ម ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ សម្រេចបាន នូវលទ្ធផលធំធេង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនជូនឯក អគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ ។ ត្រូវរក្សា ការពារ និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជាតិជានិច្ច ។ ការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី លើកកម្ពស់កិត្យានុភាពជាតិ រូបភាពវិជ្ជមាន ហើយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំផ្លាញកេរ្ដិ៍ឈ្មោះរបស់កម្ពុជា ។ ត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាង ណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងសហប្រ តិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរថែមទៀត ។
ជាមួយគ្នានោះដែរសម្តេចស្នើដល់ឯកអគ្គរាជទូតទំាងអស់ត្រូវជំរុញផ្សព្វផ្សាយ អំពីភាពវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានទូលំទូលាយ សំដៅទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរ មកកម្ពុជា ឱ្យបានកាន់តែច្រើន។ សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត ដល់ឯកអគ្គរាជទូតទំាងអស់យកចិត្តទុកដាក់ ខ្វល់ខ្វាយ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរដែល កំពុង ស្នាក់នៅ ធ្វើការនិងរៀនសូត្រនៅតាមបណ្តាប្រទេសនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ មានភាពកក់ កៅ្តស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”។

សម្តេចប្រធានរដ្ឋសភា ក៏បានបានផ្តាំផ្ញើជូនឯកអគ្គរាជទូតទំាងអស់ ជួយលើកកម្ពស់ ទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការ រវាងសភាកម្ពុជាជាមួយសភា នៃប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្ម ឱ្យកាន់តែសកម្ម និងជិតស្និទ្ធថែមទៀត ។ សម្តេចបានបញ្ជាក់ថា ការទូតសភា នាពេលបច្ចុប្បន្ន កាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការជំរុញឱ្យមានកិ ច្ចសន្ទនា ការយោគ យល់គ្នា ការជឿជាក់គ្នាទៅវិញទៅមក និងគិតដល់ប្រយោជន៍រួម។

លោក កុយ គួង តំណាងឯកអគ្គរាជទំាង៤រូប បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបាន ចំណាយពេលវេលាមមាញឹកផ្តល់ឱកាស ជូនឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតទំាងអស់ បានចូលជម្រាបលា និងទទួល អនុសាសន៍ល្អៗជាច្រើន នៅមុនពេលចេញទៅបំពេញ បេសកកម្មការទូត ជូនជាតិនិងប្រជាពលរដ្ឋ។ លោកបានបេ្តជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ លើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ។

ជាមួយគ្នានេះ នឹងខិតខំផ្សព្វផ្សាយពីការពិត នៅកម្ពុជា ដល់អន្តរជាតិ ទាក់ទាញអ្នកទេសចរ អ្នកវិនិយោគ មកកាន់ប្រទេស កម្ពុជា ជាពិសេសផ្សារភ្ជាប់សុខទុក្ខ ជាមួយពលរដ្ឋខ្មែរ ដែលរ ស់នៅតាមបណ្តាប្រទេសនានា ដែលឯកឧត្តម លោកជំទាវ ត្រូវបំពេញបេសកកម្មកា រទូតឱ្យ បានជិតសិ្នទ្ធនិងការទទួលខុសត្រូវខ្ពស់ ។

សូមជម្រាបថា ឯកអគ្គរាជទូតទំាង៤រូបដែល ទើបទទួលបានការតែងតំាងហើយ បានចូលជួបសម្តែងការ គួរសមនិង ជម្រាបលា សម្តេចប្រធានរដ្ឋសភា នាឱកាសនេះមាន លោក កុយ គួង ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងប្រទេស ម៉ិកស៊ិក លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូត ប្រចាំ ប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ និងលោក ឆេង ម៉ានិត ឯកអគ្គរាជទូត ប្រចាំប្រទេសមីយ៉ាន់ម៉ា ៕

To Top