បរទេស៖ ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលីស បានផ្ទុះឡើងនៅទីក្រុង Valencia និងទីក្រុង Madrid អំឡុងពេលបាតុកម្មទ្រង់ទ្រាយធំ កាលពីថ្ងៃសៅរ៍ ជុំវិញការឆ្លើយតបមិនគ្រប់គ្រាន់ របស់អាជ្ញាធរអេស្ប៉ាញ ចំពោះទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានកើតឡើង នៅទូទាំងប្រទេសអេស្ប៉ាញ កាលពីប៉ុន្មានសប្តាហ៍មុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២២០បានស្លាប់ និងផ្ទះសម្បែង និង អាជីវកម្មរាប់ពាន់ ត្រូវបានបំផ្លាញ នៅពេលដែលទឹកជំនន់យ៉ាងឆាប់ រហ័សដែល បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចទីក្រុងជាច្រើនភាគខាងកើត ក្នុងខេត្ត Valencia ប្រទេស អេស្ប៉ាញ កាលពីខែមុន ។ មនុស្សប្រហែល ៨០នាក់ទៀត នៅតែបាត់ខ្លួន ជាលទ្ធផលនៃអ្វី ដែលក្រុមមន្ត្រីកំពុងហៅថា ជាគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់បំផុតរបស់អឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កាសែត El Pais បានរាយការណ៍ថា បាតុករប្រហែល ១៣០.០០០ នាក់បានដើរតាមដងផ្លូវនៃទីក្រុង Valencia ដើម្បីទាមទារឱ្យលោក Carlos Mazon លាលែងពីតំណែង ដែលជាប្រមុខរដ្ឋាភិបាលខេត្ត។
អ្នកស្រុកបាន ស្តីបន្ទោសលោក Carlos Mazon ចំពោះការខកខានមិន បានចេញសេចក្តីជូន ដំណឹង អំពីទឹកជំនន់ ឱ្យបានឆាប់នៅថ្ងៃទី ២៩ ខែតុលា។ ទឹកបានហូរចូលតំបន់លំនៅឋានរួចហើយ នៅពេលដែលគាត់ធ្វើដូច្នេះ។ អ្នកនយោបាយរូបនេះ បានការពារខ្លួន ដោយអះអាងថា លោកក៏មិន បានទទួលការ ជូនដំណឹងភ្លាមៗ អំពីស្ថានភាព ធ្ងន់ធ្ងរពីស្ថាប័ន ឃ្លាំមើលទឹករបស់រដ្ឋាភិបាល៕
ប្រែសម្រួលៈ ណៃ តុលា