កែប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានដាក់បទបញ្ជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវគ្រប់គ្រងឲ្យបាន ចំពោះជនបរទេសស្នាក់នៅកម្ពុជា ក្នុងករណីមានការលួច បើកឆបោកតាមអនឡាញ ដោយបន្តទប់ស្កាត់ និងបង្ក្រាបឲ្យបាន។
នាឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល នៅព្រឹកថ្ងៃ១១ វិច្ឆិកា សម្ដេចធិបតី មានប្រសាសន៍ថា តំបន់ទេចរណ៍ ដាច់ខាត ត្រូវតែមានសន្ដិសុខ សុវត្ថិភាព គ្មានអ្នកណាមួយមកលេង ខេត្តកែបដែលមានបញ្ហានោះទេ ត្រូវធ្វើសកម្មភាពគ្រប់គ្រងឲ្យបានល្បែងស៊ីសង់ ក្មេងទំនើង និងបញ្ហាចោរកម្មផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋ នៅក្នុងស្រុក ក៏ដូចជាក្នុងខេត្ត ហើយអ្នកទេសចរណ៍មកពីខាងក្រៅ មានអារម្មណ៍ល្អ និងមានសុវត្ថិភាព។
សម្ដេចធិបតីគូសបញ្ជាក់ថា «ជាពិសេស ត្រូវមើលវត្តមានសង្គមងងឹត ក្រុមជនបរទេសមកជួលផ្ទះ ជួលអី លួចបើកអនឡាញ ត្រូវធ្វើឲ្យបាន គ្រប់គ្រងឲ្យជាប់ មានករណីចម្លោះប្រហោង ចាត់វិធានការហើយ ត្រូវធ្វើយ៉ាងម៉េវកុំឲ្យមាននៅខេត្តកែប ខេត្តកំពត ខេត្តអីផ្សេងៗ»។
នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងទេសចរណ៍ រៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗ កញ្ចប់ទេសចរណ៍ និងបង្កើតកម្មវិធីព្រឹត្តិការណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេស ចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា នៅក្នុងតំបន់របស់ខ្លួន៕