ព័ត៌មានជាតិ

សម្ដេចធិបតី ថ្លែងអំណរគុណពលរដ្ឋ បានយល់ចំពោះភាពស្មោះត្រង់ របស់រដ្ឋាភិបាល ពាក់ព័ន្ធ CLV-DTA

រូបភាព ម៉ៅ ដារ៉ាត់

កែប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានយល់នូវឆន្ទៈ និងកាតស្មោះត្រង់របស់រាជរដ្ឋាភិបាល សពាក់ព័ន្ធរឿងគម្រោង CLV-DTA ហើយគ្មានចេតនាណាមួយ ធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិឡើយ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ នៅថ្ងៃទី១១ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល បានស្ដាប់ប្រជាពលរដ្ឋ ហើយខិតខំអភិវឌ្ឍផ្លូវតាមព្រំដែន ហើយការធានានូវអធិបតេយ្យភាព បូរណភាពទឹកដី ការជំរុញការអភិវឌ្ឍខេត្តទាំង ៤នៅទិសឦសាន ចំណុចនេះ គឺជាគោលបំណងនៅក្នុងរយៈពេល ២៥ឆ្នាំ របស់រាជរដ្ឋាភិបាល បន្ទាប់ពីប្រទេសកម្ពុជា បានទទួលនូវសុខ សន្តិភាពពេញលេញ។

សម្ដេចធិបតី បន្ដថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានជំរុញការកសាងផ្លូវតាមក្រវាត់ព្រំដែន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បន្ថែមទៀត ដើម្បីធានានូវអធិបតេយ្យភាពជាតិ។

សម្ដេចធិបតី គូសបញ្ជាក់ថា «ហើយចុងក្រោយនេះ ដើម្បីកុំឱ្យមានភាពហ្មងសៅ របស់ប្រជាពលរដ្ឋដោយប្រជាជនមួយក្រុមកុំឱ្យដកខ្លួន និងមួយក្រុមទៀតឱ្យដកខ្លួនចេញពី CLV-DTA ហើយឥឡូវកុំឱ្យ ប្រជាជនមានការបារម្ភ បើរាជរដ្ឋាភិបាលគិតគូរយ៉ាងម៉ត់ចត់មិនឱ្យបាត់បង់ទឹកដី ហើយយើងបានពន្យល់ច្រើនមកហើយ រាជរដ្ឋាភិបាលនៅថ្ងៃទី២០ ខែកញ្ញា បានជូនដំណឹងតាមនីតិវិធីទៅភាគីវៀតណាម និងឡាវ ដើម្បីយើងដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA នេះ»។

សម្ដេចធិបតី បន្ថែមថា ទោះបីរាជរដ្ឋាភិបាល ប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ក៏នៅមានក្រុមប្រឆាំងមួយក្តាប់តូច នៅក្រៅប្រទេសបានចិញ្ចឹមចិត្ត បង្កើតចលនា ដើម្បីប្រឆាំងរាជរដ្ឋាភិបាល តែគំនិតនេះ មិនទទួលបានជោគជ័យនោះទេ ព្រោះប្រជាពលរដ្ឋ បានយល់ដឹងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «មកដល់ម៉ោងនេះ ខ្ញុំសូមថ្លែងអំណរគុណប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេស ក៏ដូចជា ប្រជាជននៅក្រៅប្រទេស ដែលបានយល់នូវឆន្ទៈ និងការស្មោះត្រង់របស់រាជរដ្ឋាភិបាល របស់យើង ជាពិសេសពាក់ព័ន្ធរឿងគម្រោង CLV-DTA នេះ យើងមិនដែលក្នុងពេលមួយណា ដែលធ្វើឱ្យបាត់បង់ ឬមានគោលដៅធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិនោះទេ តាមរយៈការចូលរួមគាំទ្រទៅដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចចិត្តកន្លងទៅនេះ»៕

To Top