ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីបិទ ទិវាសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពង្រឹង ភាព អង់អាចស្ត្រីក្នុងសេដ្ឋកិច្ចបៃតង» លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកឡើង ពីតួនាទីសំខាន់ របស់សហគ្រាសធុនតូច និងមធ្យមដែល ដឹកនាំដោយស្រ្តី ក្នុងការជំរុញ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ។
លោករដ្ឋមន្ដ្រី បានរំលេចពីការរួមចំណែកកាន់តែសំខាន់ របស់ស្ត្រីនៅក្នុងវិស័យធុរកិច្ច ជាពិសេសក្នុងសហគ្រាសធុនតូច និងមធ្យម និងបានលើកឡើងថា «ការលើកកម្ពស់ សហគ្រិនភាព ស្រី្តតម្រូវឱ្យមាន ការប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ តាមរយៈសមាហរណកម្ម អាជីវកម្មរបស់ពួកគេទៅ ក្នុងខ្សែច្រវាក់តម្លៃ ក្នុងតំបន់ និង សកលលោក ដោយប្រើប្រាស់ ឱ្យ អស់លទ្ធភាព នូវសក្តានុពលធនធានក្នុងស្រុក និងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗ»។
តាមលទ្ធផលជំរឿន ឆ្នាំ២០២២ របស់ក្រសួងផែនការ អង្គភាពសេដ្ឋកិច្ចចំនួន ៦៩.២% នៅកម្ពុជា កំពុងដឹកនាំ ដោយសហគ្រិនស្ត្រី ។ ជាមួយនឹងការព្យាករណ៍កំណើន សេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៦% សម្រាប់ឆ្នាំ២០២៤ ដោយមានការគាំទ្រ ពីវិស័យសំខាន់ៗ ដូចជាឧស្សាហកម្ម នាំចេញសម្លៀកបំពាក់ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ដែលកំពុងងើបឡើងវិញ លោក ហែម វណ្ណឌី បានលើកឡើងថា សហគ្រិនស្ត្រីជាតួអង្គ សំខាន់ក្នុងការរក្សានិន្នាការកំណើននេះ។
រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្ត កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន សំដៅគាំទ្រសហគ្រិនស្ត្រី ដោយផ្តោតលើការលើកកម្ពស់ផលិតភាព ការពង្រីកទីផ្សារ និងលទ្ធភាពទទួល បានហិរញ្ញប្បទានចាំបាច់ ដើម្បីកំណើធុរកិច្ច ។ ថ្នាលបច្ចេកវិទ្យាដូចជា ASEANAccess និង KhmerSME ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ព័ត៌មានអាជីវកម្មសំខាន់ៗ ក្នុងតំបន់ដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវឧបករណ៍ និងធនធានចាំបាច់ សម្រាប់ភាពជោគជ័យ និងកំណើនប្រកបដោយនិរន្តរភាព។
ថ្លែងទៅកាន់អង្គពិធីនេះ លោក ហែម វណ្ណឌី បានអំពាវនាវដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យប្រើប្រាស់ការចុះបញ្ជី និងខិតខំបំពេញអនុលោមភាព ដើម្បីពង្រីកលទ្ធភាពទទួលបានការគាំទ្រ, រួមចំណែកដល់ការបង្កើតគោលនយោបាយ និងវិធានការចំគោលដៅ, ព្រមទាំងបង្កើនភាពធន់ និងកំណើនអាជីវកម្មរយៈពេលវែងរបស់ខ្លួន៕