ព័ត៌មានជាតិ

លោក ឃួង ស្រេង ស្នើដល់អាជីវករ កុំតម្លើងថ្លៃម្ហូបអាហារ និង ថែរក្សាបរិស្ថាន ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើដល់កីឡាករ កីឡាការិនីចំណុះទូក និងប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាបរិស្ថាន និងស្នើដល់អាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នាប៉ុន្មានថ្ងៃខាងមុខនេះ ។

ការស្នើសុំរបស់លោក ឃួង ស្រេង ខាងលើនេះ ក្នុងឱកាសអញ្ជើញក្រុងពាលី នាព្រឹកថ្ងៃទី១២វិច្ឆិកា នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញផង និងបួងសួងសុំសេចក្តីសុខ ជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខផង ក្នុងនាមរាជធានីភ្នំពេញ ជាម្ចាស់ផ្ទះកន្លែងប្រារពព្រះរាជពិធី ។

ថ្លែងក្នុងពិធីក្រុងពាលីនេះ លោក ឃួង ស្រេង បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែក ថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិ តាំងពីយូលង់មកហើយ។

ក្នុងនោះ លោកអភិបាលរាជធានី គូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យនេះ មានបំណងរំលឹកដឹងគុណ ដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដី របស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណ ព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ ដ៏មានជីជាតិសំរាប់ផលដំណាំដាំដុះ របស់ប្រជាពលរដ្ឋ ក្នុងការលើកស្ទួយវិស័យកសិកម្មជាតិ ឲ្យមានការរីកចំរើន។ ម៉្យាងទៀតក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាព ក្នុងមហាគ្រួសារ សំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូណ៏ រួមទាំងដំណើរការអភិវឌ្ឍន៏ប្រទេសជាតិយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ការពារប្រជាពលរដ្ឋ ដែលមកលេងកំសាន្តនៅព្រះរាជពិធីបុំ្យនេះ និងអនុវត្តតាមអនុសាសន៍ ណែនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: ជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូក ឲ្យទទួលបានភាពសប្បាយរីករាយ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ កីឡាការនីអុំទូកទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសំរាកឲ្យបានគ្រប់គ្រាន់ ជៀសវាងផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាព ក្នុងចំណោមកីឡាករទាំងអស់ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ដើម្បីរួមគ្នាលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិ។

ជាមួយគ្នានេះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់រឆជធានីភ្នំពេញ ទូកទាំងអស់ដែលត្រូវប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានចំនួន៤៤ទូក មកពី១២ខណ្ឌ ក្នុងចំណោម១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរសនិងទូកចែវបុរស ដោយមាន កីឡាករ កីឡាការិនី សរុបចំនួន៣១៩៣នាក់ ស្រី៩២នាក់៕

To Top