ព័ត៌មានជាតិ

អ្នកតាមដានកិច្ចការសង្គម៖ បុណ្យអុំទូកឆ្នាំនេះ នឹងមាន ពលរដ្ឋចូលទស្សនាច្រើនកុះករ (Video)

ភ្នំពេញ ៖ នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងចាប់ផ្តើមប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ដែលការប្រារព្ធនេះ ត្រូវបានលោក ឈត ប៊ុនថង អ្នកតាមដានកិច្ចការសង្គមអះអាងទុកជាមុនថា នឹងមានប្រជាពលរដ្ឋមកពីបណ្តាខេត្តនៅទូទាំងប្រទេសចូលរួមទស្សនា និងដើរលេងកម្សាន្តយ៉ាងច្រើនកុះករជាក់ជាមិនខានព្រោះជាបុណ្យជាតិដ៏ធំ។

លោក ឈត ប៊ុនថង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១២ វិច្ឆិកាថា បើតាមការសង្កេតគឺបច្ចុប្បន្នពលរដ្ឋខ្មែរចូលចិត្តនិយមដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ផ្សេង ឬក៏មានការប្រារព្ធពិធីអ្វីមួយនៅទីតាំងណាមួយពលរដ្ឋតែងប្រមូលផ្តុំគ្នាទៅដើរលំហែរកាយ ។

ដូច្នេះពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ លោកសង្ឃឹមថា នឹងមានអ្នកចូលទស្សនាច្រើន ព្រោះបុណ្យអុំទូកបានអាក់ខានជាច្រើនឆ្នាំមកហើយ ហើយទើបត្រូវបាន ប្រារព្ធឡើងប៉ុន្មានឆ្នាំចុងក្រោយនេះទេ។

លោកថា បុណ្យអុំទូកឆ្នាំនេះក៏បានត្រៀមរៀបចំឡើង យ៉ាងអធឹកអធមផងដែរ។

លោកបញ្ជាក់ថា “បើយើងគិតថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺថ្មីមួយដែលដូរជំនាន់ថ្មី នាយករដ្ឋមន្រ្តីក៏ថ្មី ចឹងប្រាកដណាស់ថា នឹងរៀបចំមាន ភាពអធឹកអធមមានការចូលរួមពីប្រជាពលរដ្ឋមកទស្សនាក៏ដូចជាចំណុះទូកនឹងមានចំនួនច្រើន”។

ទន្ទឹមនឹងនេះ លោក ឈត ប៊ុនថង ក៏បានអំពាវនាវឲ្យកងកម្លាំងការពារសន្តិសុខត្រូវការពារឲ្យបានតឹងរឹងដើម្បីកុំឲ្យមានបញ្ហាអ្វីកើតឡើង ។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ នឹងដាក់ពង្រាយកម្លាំងល្បាតការពារប្រមាណជា១ម៉ឺន៦ពាន់នាក់ចាប់ពីថ្ងៃអុំទូកពីថ្ងៃ១៤ដល់១៦ វិច្ឆិកា៕

To Top