ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើការ ទាក់ទាញភាគីពាក់ព័ន្ធ ឱ្យចូលរួមអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅថ្ងៃ១២ វិច្ឆិកា បានបន្តធ្វើបាឋកថា លើការទាក់ទាញភាគី ពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍ នៅក្នុងវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ ឋានានុក្រមក្រោម ឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៤១៣នាក់។

នៅក្នុងបទបាឋកថា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំណុចគន្លឹះមួយចំនួន ដែលមានភាពចាំបាច់សម្រាប់ សម្រួលការចូលរួម របស់ភាគីពាក់ព័ន្ធរួមមាន ៖ (១)ការទទួលស្គាល់សិទ្ធិអំណាចរបស់ភាគីពាក់ពន្ធ័ (២)ការកាត់បន្ថយ ការប្រើប្រាស់អាម្មណ៍ អវិជ្ជមានពេលធ្វើការ ជាមួយភាគីពាក់ពន្ធ័ (៣)ការស្វែងយល់ពីភាគីពាក់ពន្ធ័ (៤)ការសាកសួរប្រមូល យកការផ្តល់យោបល់ពីភាគីពាក់ព័ន្ធ (៥)ការរក្សាភាពស្មោះត្រង់ (៦)ការធ្វើឱ្យភាគីពាក់ពន្ធ័ពេញចិត្តនឹងចូលរួមជួយ និង (៧)ការរៀបចំរបៀបទំនាក់ទំនងឱ្យស្របទៅនឹង ស្ថានភាពរបស់ភាគីពាក់ពន្ធ័។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានធ្វើការសំណេះសំណាល និងបានសួរនាំព័ត៌មានត្រឡប់ ពីមន្រ្តីសុខាភិបាលអំពី កិច្ចការទូទៅនៅក្នុងអំឡុងពេលបានសិក្សាវគ្គនេះ អស់រយៈពេលប្រមាណ១ឆ្នាំកន្លងមក ព្រមទាំងកិច្ចការត្រៀម របស់ក្រុមគ្រូពេទ្យដែលត្រូវធ្វើដំណើរ មកកាន់រាជធានីភ្នំពេញ ជាមួយក្រុមកីឡាករអុំទូកតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។

សាស្ត្រាចារ្យ ក៏បានជូនពរ ដល់មន្រ្តីសុខាភិបាល ក្នុងព្រះរាជពិធីបុណ្យអុំទូក និងបានបង្ហាញពីរចនាបទ ប្រទីបរបស់ក្រសួង សុខាភិបាល ដែលតំណាង ឱ្យមោទកភាពរបស់មន្រ្តីសុខាភិបាល ទូទាំងប្រទេស ។ បន្ថែមពីលើនេះ សាស្រ្តាចារ្យ ក៏បានណែនាំ ឱ្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បន្តពង្រឹងការផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោង និងបានជំរុញ ឱ្យអង្គភាព ទាំងអស់ ចូលរួមធ្វើឱ្យស្ថាប័នសុខាភិបាល ជាស្ថាប័នជួរ មុខក្នុងការបង្ការ កុំឱ្យមានគ្រោះអាសន្ន សុខភាព សាធារណៈ៕

To Top