តូក្យូ ៖ ប្រភពរដ្ឋាភិបាលមួយ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទំនងជានឹងរៀបចំកិច្ចប្រជុំកំពូល លើកដំបូងរបស់ពួកគេ នៅថ្ងៃទី១៥ ខែវិច្ឆិកា ក្នុងប្រទេសប៉េរូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រភពបានបន្ថែមថា មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងជួបក្រៅកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហើយបញ្ជាក់ថា ពួកគេនឹងស្វែងរកទំនាក់ទំនង “យុទ្ធសាស្ត្រ និងផលប្រយោជន៍ទៅវិញទៅមក” ច្រើនជាងមួយខែ បន្ទាប់ពីលោក Ishiba ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែតុលា។
លោក Ishiba គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសប៉េរូ សម្រាប់កិច្ចប្រជុំ APEC ចាប់ពីថ្ងៃព្រហស្បតិ៍ ហើយធ្វើដំណើរទៅកាន់ ប្រទេសប្រេស៊ីល សម្រាប់កិច្ចប្រជុំកំពូល នៃក្រុមសេដ្ឋកិច្ចទាំង២០ ។ លោក ស៊ី ជីនពីង បានផ្ញើសារអបអរសាទរលោក Ishiba ក្នុងការបោះឆ្នោតរបស់លោក ជានាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី០១ ខែតុលា ដែលអ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន បានពិពណ៌នានៅពេលនោះថាជា “វិជ្ជមាន” សម្រាប់ទំនាក់ទំនងទ្វេភាគី។
លោក Ishiba ត្រូវបានគេរំពឹងថា នឹង បង្ហាញការព្រួយបារម្ភអំពីការកើនឡើង នៃសកម្មភាពយោធារបស់ចិន នៅជុំវិញប្រទេសជប៉ុន បន្ទាប់ពីបានរំលោភលើដែនអាកាសជប៉ុន នៅក្នុងខែសីហា ជាលើកដំបូង។ ប្រភពបានឲ្យដឹងថា មេដឹកនាំទាំងពីរក៏អាចពិភាក្សា អំពីកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបន្តការនាំចូលអាហារសមុទ្ររបស់ជប៉ុន ឡើងវិញរបស់ប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង បានយល់ព្រមលុបចោលជាបណ្តើរៗនូវការហាមឃាត់ ដែលមានតាំងពីការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានព្យាបាលទៅក្នុងមហាសមុទ្រ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក្នុងឆ្នាំ២០២៣ ។
លោក Ishiba បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លី ឈាំង ជាលើកដំបូងកាលពីថ្ងៃទី១០ ខែតុលា អំឡុងពេលការទូតរបស់លោកក្នុង នាមជាមេដឹកនាំជប៉ុន នៅប្រទេសឡាវ។ ទំនាក់ទំនងទ្វេភាគីបានបែកបាក់គ្នា ជុំវិញប្រវត្តិសាស្ត្រ និងទឹកដីក្នុងសម័យសង្រ្គាម ដោយប្រទេសចិនបានបន្តបញ្ជូននាវាល្បាតទៅកាន់ដែនទឹក ក្បែរប្រជុំកោះសេនកាគូ ក្នុងសមុទ្រចិនខាងកើត ដែលជាកោះគ្មានមនុស្សរស់នៅ ត្រូវបានគ្រប់គ្រងដោយជប៉ុន ប៉ុន្តែទាមទារដោយចិន ៕
ប្រែសម្រួល ឈូក បូរ៉ា