បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា មន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ពីបទបែកធ្លាយព័ត៌មានសម្ងាត់អាមេរិកដ៏រសើប ទាក់ទងនឹងផែនការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ គឺត្រូវបានចោទប្រកាន់នៅក្នុងតុលាការសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន The Star ចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រី CIA ឈ្មោះ Asif W. Rahman ដែលឈរជើងនៅបរទេស ត្រូវបានឃុំខ្លួននៅកម្ពុជាកាលពីថ្ងៃអង្គារ ហើយត្រូវបានបញ្ជូនបន្តទៅកោះ Guam ជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ និងបញ្ជូនព័ត៌មានការពារជាតិ។
កាលពីថ្ងៃពុធ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា Rahman ត្រូវបានចោទប្រកាន់ដោយក្រុមអ្នកស៊ើបអង្កេត Grand Jury នៅសហរដ្ឋអាមេរិក ពីបទរំលោភលើច្បាប់ចារកម្ម។ កាសែត The New York Times បានរាយការណ៍ជាលើកដំបូងអំពីការចាប់ខ្លួនលោក Rahman នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១២ ខែវិច្ឆិកា។
ទីកន្លែងនៃការចាប់ខ្លួន ឬប្រតិបត្តិការសម្ងាត់របស់អាមេរិក ដើម្បីបង្ខាំងមន្ត្រីនោះ នៅមិនទាន់ដឹងនៅឡើយទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស Asif បានកាន់កាប់ឯកសារចាត់ថ្នាក់មួយដែលត្រូវបានសម្គាល់ថា “សម្ងាត់កំពូល” នៅក្នុងទីក្រុងភ្នំពេញក្នុងខែតុលា ហើយត្រូវបានគេជឿថាបានចែករំលែកឯកសារនេះជាមួយមនុស្សដែលគ្មានការអនុញ្ញាត។
ឯកសារលេចធ្លាយ រួមទាំងរូបភាពពីផ្កាយរណប បានបង្ហាញកាលពីខែមុននៅលើប៉ុស្តិ៍ Telegram ដោយបង្ហាញពីយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល មុនពេលមានការវាយប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា