ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល អំពាវនាវវិនិយោគិនជប៉ុន-កម្ពុជា ចាប់ដៃគ្នាសិក្សាពិនិត្យលទ្ធភាពជំរុញ កិច្ចសហការធុរកិច្ច

រូបភាព៖ Chanthol Sun DPM

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវឱ្យវិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ ចាប់ដៃគ្នាសិក្សាពិនិត្យលទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែងយល់ឱ្យកាន់តែច្បាស់ នូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញផ្តល់កិត្តិយសជាអធិបតី ក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នាឱកាសនេះលោក ស៊ុន ចាន់ថុល ក៏បានលើកទឹកចិត្តដល់ សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បន្តចូលរួមផ្សព្វផ្សាយ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀត នៅកម្ពុជា បង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរវិនិយោគិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងផ្ដួចផ្ដើមរៀបចំ ជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចផងដែរ អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទី ជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះ ជាបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យើងបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់កិច្ចសហការ ពេញទំហឹងជូនដល់វិស័យឯកជន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ជាងនេះទៅទៀតនាពេលឆាប់ៗខាងមុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១ ដែលជាថ្នាលបច្ចេកវិទ្យា សម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ការដាក់ពាក្យ និងការទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងគឺសុទ្ធសឹងតែធ្វើឡើងជាទម្រង់ឌីជីថល។ ពិសេសជាងនេះនៅពេលឆាប់ៗ ប្រព័ន្ធនេះក៏នឹងឈានទៅដល់ ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

សូមជម្រាបថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគ សរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា៕

To Top