ភ្នំពេញ៖ កម្មករនិយោជិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់លើ គោលនយោបាយកិច្ចគាំពារសង្គម តាមរយៈការផ្តល់អត្ថប្រយោជន៍លើ របបសន្តិសុខសង្គមដល់កម្មករនិយោជិត។ ការលើកឡើងរបស់កម្មករនិយោជិតបែបនេះ នៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រី សួន សូត្រ ជាកម្មករនិយោជិតនៃរោងចក្រ ម៉េងដា រាជធានីភ្នំពេញលើកឡើងថា ខ្លួនមានបណ្ណបេឡាជាតិសន្តិសង្គម (ប.ស.ស.) ចាប់តាំងពីចូលធ្វើការជាកម្មកររោងចក្រ ហើយនិយោជកជាអ្នកបង់ថ្លៃ វិភាគទានឱ្យទាំងស្រុង។ តាមរយៈរបបសន្តិសុខសង្គមមួយនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ លោកស្រីដែលជាបុគ្គលិកបម្រើការងារនៅក្នុងរោងចក្រ។ លោកស្រីមិនមានការព្រួយបារម្ភ លើសេវាថែទាំសុខភាពដែល ចំណាយប្រាក់ច្រើនទៀតនោះទេ ពីព្រោះរាល់ការទៅពិនិត្យសុខភាព និងការព្យាបាលមិនមានការបង់ប្រាក់ និងមានការយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យ។
លោកស្រីមើលឃើញថា បេឡាជាតិសន្តិសុខសង្គម បានចូលរួមចំណែកយ៉ាងច្រើនលើជីវភាព របស់បងប្អូនកម្មករនិយោជិត ដែលធ្វើឱ្យពួកគេអាចចំណេញ និងអាចសន្សំថវិកាបានមួយផ្នែក លើថ្លៃសេវាពិនិត្យ និងថែទាំសុខភាពរបស់ពួកគេ។ លោកស្រីសប្បាយចិត្តនៅពេលមាន ការគិតគូពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវគោលនយោបាយ ដ៏មានអត្ថប្រយោជន៍មួយនេះ។
ដោយឡែក លោក ស៊ុន ប៊ុនធឿន ដែលជាកម្មកនៃរោងចក្រ ម៉េងដា បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះបងប្អូន កម្មករនិយោជិតទាំងអស់ នៅទូទាំងប្រទេសអាចប្រើបណ្ណ ប.ស.ស. ដើម្បីទៅទទួលសេវាថែទាំសុខភាពដោយមិនគិតថ្លៃ និងគ្រប់ពេលវេលា។ តាមរយៈបណ្ណប.ស.ស. នេះហើយធ្វើឱ្យកម្មករនិយោជិតមានលទ្ធភាព ថែរក្សាសុខភាពប្រសើរជាងមុន ហើយអាចឱ្យកម្មករនិយោជិត អាចសន្សំប្រាក់បានមួយចំនួន បន្ទាប់ពីនិយោជកជា អ្នករ៉ាប់រងបង់សេវាប្រចាំខែ។
កម្មកររោងចក្ររូបនេះមើលឃើញថា តាមរយៈគោលនយោបាយបេឡាជាតិសន្តិសុខសង្កម និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត មកលើកម្មករនិយោជិត វាបង្ហាញឱ្យឃើញពីការ យកចិត្តទុកដាក់ខ្ពស់លើ កិច្ចគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ទាំងនេះគឺជាការផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងមកលើកម្មករនិយោជិត ពីព្រោះកាលណាកម្មករនិយោជិត មានសុខុមាលភាពល្អ នោះផលិតភាពការងារនៅក្នុងរោងចក្រ ក៏មានភាពល្អប្រសើរផងដែរ។
ចំពោះការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ នៅឆ្នាំ២០២៤នេះដែរ កម្មករនិយោជិតបានវាយតម្លៃខ្ពស់ ចំពោះវត្តមានរបស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបាន មកចូលរួមផ្ទាល់ជាមួយកម្មករនិយោជិត ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ដ៏មានសារសំខាន់មួយនេះ។ កម្មករនិយោជិតថា ការមកចូលរួមផ្ទាល់របស់ លោករដ្ឋមន្រ្តីក្រសួងការងារ គឺជាការស្តាប់សំឡេងស្នើសុំ ផ្ទាល់របស់កម្មករនិយោជិត ហើយអាចដោះស្រាយបានលទ្ធផល ជាអតិបរមាជូនកម្មករនិយោជិតផងដែរ៕