បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានរាយការណ៍ពីការកើនឡើង នៃសកម្មភាពយោធារបស់ចិន នៅជុំវិញកោះនេះ ថ្ងៃអង្គារ រួមទាំងយន្តហោះយោធាចំនួន ៤៧ គ្រឿង ដោយកោះតៃវ៉ាន់មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវិលត្រឡប់របស់ប្រធានាធិបតីរបស់ខ្លួន Lai Ching-te ពីដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសមយុទ្ធដើម្បីបង្ហាញពី កំហឹងរបស់ខ្លួនចំពោះដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Lai Ching-te ទៅកាន់ប៉ាស៊ីហ្វិកដែលបានបញ្ចប់កាលពីថ្ងៃសុក្រ ដែលរួមមានការឈប់សម្រាកនៅកោះហាវ៉ៃ និងទឹកដី Guam របស់សហរដ្ឋអាមេរិក។
យោធាកោះតៃវ៉ាន់បានបង្កើនកម្រិត ប្រកាសអាសន្នរបស់ខ្លួនកាលពីថ្ងៃចន្ទ បន្ទាប់ពីបាននិយាយថា ប្រទេសចិនបានបម្រុងទុកដែនអាកាស និងដាក់ពង្រាយនាវាកងទ័ពជើងទឹក និងនាវាឆ្មាំឆ្នេរសមុទ្រ។ យោធាចិនមិនទាន់ធ្វើអត្ថាធិប្បាយទេ ហើយក៏មិនបានបញ្ជាក់ថា ខ្លួនកំពុងធ្វើសមយុទ្ធណាមួយនោះដែរ។
នៅថ្ងៃអង្គារ ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចំនួន ៤៧ គ្រឿងដែលកំពុងប្រតិបត្តិការ ជុំវិញកោះនេះក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ក៏ដូចជានាវាកងទ័ពជើងទឹកចំនួន ១២គ្រឿង និងនាវា “ផ្លូវការ” ចំនួនប្រាំបួនគ្រឿង ដែលសំដៅទៅលើនាវាមកពី ភ្នាក់ងារស៊ីវិលដូចជាឆ្មាំឆ្នេរសមុទ្រ ៕
ប្រែសម្រួលៈ ណៃ តុលា