ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល លួចចុះឆ្មក់ ពិនិត្យការបម្រើសេវា សុខាភិបាល នៅមណ្ឌលសុខភាព អារក្សត្នោត ខេត្តកំពង់ចាម

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តសកម្មភាព ឆ្លៀតចុះឆ្មក់ពិនិត្យ ការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអារក្សត្នោត ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែធ្នូ ។

ការលួចឆ្មក់ចូល របស់រដ្ឋមន្រ្តីសុខាភិបាលនេះ ដោយមិនបានជូនដំណឹងជូនមុននោះទេ ក្នុងគោលបំណងពិនិត្យ ដោយផ្ទាល់អំពីប្រសិទ្ធភាព ស្ថានភាពការបម្រើសេវា នាពេលយប់ ក៏ដូចជាឆ្លៀតចុះសុខទុក្ខ លើកទឹកចិត្តដល់មន្រ្តី បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យជំនួយ ការម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព ដើម្បីចូលទៅស្វែង រកសេវាពិនិត្យសុខភាព នៅក្នុងមណ្ឌលសុខភាព។ ក្នុងនោះដែរ សាស្រ្តាចារ្យ បានសង្កេតឃើញថា ប្រជាពលរដ្ឋ មកទទួល សេវាច្រើនសមរម្យ និងស្រ្តីសម្រាលកូនមានចំនួនគួរសម ឥរិយាបថល្អ អនាម័យសមរម្យ ហេដ្ឋារចនាសម្ព័ន្ធល្អ បុគ្គលិក មន្រ្តីរាជការមានឆន្ទៈបំពេញការងារ ជាពិសេសប្រជាពលរដ្ឋមកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស នៅមណ្ឌលសុខភាព មានការកើនឡើងជាបន្តបន្ទាប់។

ក្នុងនោះដែរ សាស្រ្តាចារ្យ ក៏ទទួលបានព័ត៌មានត្រឡប់ ពីមន្រ្តីរាជការ បុគ្គលិកនៃមណ្ឌលសុខភាព សំដែងនូវការ សប្បាយរីករាយ ក្នុងការចូលរួមវគ្គបណ្តុះ បណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលរៀបចំឡើងរៀង រាល់ថ្ងៃអង្គារ ដែលឃើញថាជាវគ្គដែលមានសារៈសំខាន់ ព្រមទាំងស្នើសុំឱ្យមានវគ្គបែបនេះជាបន្តទៀត៕

To Top