ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ព្រមានដកសិទ្ធិទទួលបាន ជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាល ប្រសិនបើរកឃើញពលរដ្ឋ ឬកសិកររូបណាដែលបំពានបម្រាម ដុតសំណល់កសិកម្ម ឬជញ្ជ្រាំង

Photo: Royal Thai Government

បរទេស៖ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើ ការបម្រុងមូលនិធិកណ្តាលចំនួន ៦២០ លានបាត ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងអ័ព្ទធូលីកម្រិត PM2.5 ដែលបំពុលប្រទេសជាច្រើនជាប្រចាំ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តមូលនិធិចំនួន ៦២០ លានបាត ដើម្បីដោះស្រាយភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទពុលនៅឆ្នាំនេះ ដូចដែលបានស្នើឡើងដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន។

ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ គណៈរដ្ឋមន្ត្រីបានពិចារណាលើវិធានការ គ្រប់គ្រងការបំពុលខ្យល់កម្រិត PM2.5។ លោកស្រី ផែតងតាន បាននិយាយថា ក្រសួងមហាផ្ទៃបានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ ដោះស្រាយគ្រោះមហន្តរាយ និងហាមឃាត់ការដុតសំណល់ពីកសិកម្ម។

ក្រសួងក៏កំពុងសហការយ៉ាង ជិតស្និទ្ធជាមួយភ្នាក់ងារសន្តិសុខ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងកសិកម្ម និងសហករណ៍ ដើម្បីធានាបាននូវការត្រៀមខ្លួនពេញលេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។ ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សជាតិ ត្រូវបានណែនាំឲ្យមើលទៅលើក្រុមងាយរងគ្រោះ។

ក្រសួងកសិកម្ម និងសហករណ៍ នឹងឃ្លាំមើលការដុតសំណល់កសិកម្ម ដូចជា ជញ្ជ្រាំង នៅគ្រប់តំបន់កសិកម្ម ហើយអ្នកដែលត្រូវបានរកឃើញថា ប្រឆាំងនឹងការហាមប្រាមការដុតចោលបែបនេះ គឺនឹងត្រូវដកសិទ្ធិមិនឱ្យទទួលបាន ជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាល។

បម្រាមការដុតនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំនេះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំក្រោយ។ នាយករដ្ឋមន្រ្តីថៃ បាននិយាយថា ការផលិតទឹកភ្លៀងនឹងត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយបរិមាណធូលី ដែលមានគ្រោះថ្នាក់នៅក្នុងខ្យល់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top