កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់ទឹកស្អាត ៣ទីតាំងការដ្ឋាន ក្នុងក្រុងកំពង់ចាម ។

បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងខាងលើនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា គម្រោងសាងសង់ទឹកស្អាតក្នុងរយះពេលតាំងពីចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គឺដំណើរការបាន ជាង ៨០ ភាគរយហើយ ដែលក្នុងនោះ បានដំណើរការ ៣ទីតាំងការដ្ឋានចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ទីតាំងការដ្ឋានទី១ ស្ថានីយបូមទឹកឆៅជ្រោយថ្ម គឺបងទឹកពីទន្លេ បញ្ជូនទៅស្ថានីយ៍ ចម្រោះទឹកស្អាត នៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលមានលទ្ធភាពចម្រោះទឹកស្អាត ដើម្បីផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានប្រមាណជា ជាង ១២,០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ។

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា ទីតាំងទី ២ នៅចំណុចក្បែររូបសំណាកជ័យវរ្ម័នទី ៧ ក្នុងសង្កាត់បឹងកុក គឺរៀបចំក្នុងគម្រោងថ្មី ដែលត្រូវផលិតទឹកស្អាតប្រមាណជា ៥ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយគម្រោងនេះ ត្រូវបូមទឹកទន្លេពីចំណុចក្បែររូបសំណាកជ័យវរ្ម័នទី ៧ បញ្ជូនទៅអាងប្រព្រឹត្តិកម្មចម្រោះទឹកស្អាត នៅក្រោយសាលាសង្កាត់បឹងកុក ក្នុងក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងសាងសង់ទឹកស្អាត ដែលជាលទ្ធភាពរបស់ដៃគូអភិវឌ្ឍន៍ នៃគម្រោងហិរញ្ញប្បទានរបស់អេឌីប៊ី នេះ គឺមានវិសាលភាពក្នុងការផ្គត់ផ្គង់ទឹក ទាំងផែនការមុន និងផែនការថ្មី ប្រមាណជាជាង ៧ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ អាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ៕
