កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ដែលចំណាយថវិការសាងសង់អស់ជាង ១លាន ដុល្លារអាមេរិក ក្នុងវត្តត្នោតកែវបូព្រឹក្ស ស្រុកស្រីសន្ធរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសជាតិរបស់យើងមានសុខសន្តិភាព មានការអភិវឌ្ឍ ធ្វើឱ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារ ដែលអាចមានលទ្ធភាពនាំមកនូវបច្ច័យចូលរួមកសាង ដើម្បីបម្រើ ក៏ដូចជាការលើកកម្ពស់នូវ វិស័យព្រះពុទ្ធសាសនា។

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា សមិទ្ធផលដែលចំណាយអស់ថវិកាច្រើនជាងគេក្នុងចំណោមសមិទ្ធផលទាំង ១០ នោះ គឺព្រះវិហារថ្មី ដែលមានទទឹង ១៣ម៉ែត្រ គុណនឹង ២៥ ម៉ែត្រ និងកម្ពស់ ៣៩ ម៉ែត្រ ដោយព្រះវិហារថ្មីនេះចំណាយថវិកាសាងសង់អស់ ១,១១៥,០០០ដុល្លារ សរុបជាមួយសមិទ្ធផល ៩មុខទៀត គឺបានចំណាយថវិកាអស់ ប្រមាណជាជាង ១លាន ៣សែន ដុល្លារអាមេរិក ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា សមិទ្ធផលទាំងឡាយដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដើម្បីទុកជាកន្លែងជួបជុំប្រារព្ធពិធីបុណ្យផ្សេងៗ បម្រើដល់ការរីកចម្រើន នៃវិស័យព្រះពុទ្ធសាសនា។
