ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។

ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួម ក្នុងវេទិកាការងារនេះមានដូចជា ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ត្រាំ ហ្វីតនេស ឯ.ក,
ហ្គោលហ្វាយនេនសល់គ្លូប៊លអ៊ិនវេសម៉ិន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន Goodhill, ក្រុមហ៊ុន ស៊ីថេប សូសល អេនធើប្រាយ ឯ.ក, ក្រុមហ៊ុន ទន្សាយ Tunsai Cleaning, ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា), ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក។

លោក ហេម ប៊ុណ្ណារិទ្ធិ មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានលើកឡើងថា វេទិកាការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺពិតជាមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់យុវជន បេក្ខជន បេក្ខនារី និង អ្នកកំពុងស្វែងរកការងារ ដោយពួកគាត់អាចមាន ឱកាសជួបផ្ទាល់ សម្ភាសផ្ទាល់ ជាមួយតំណាងក្រុមហ៊ុន ជាច្រើនដែលកំពុងមានតម្រូវការ ជ្រើសរើសបុគ្គលិកក្នុងពេលតែមួយ ។

លោក ហេម ប៊ុណ្ណារិទ្ធិ បន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នឹងមានឱកាសការងារ និងកម្មសិក្សាការងារជាង ១៥០កន្លែង ដែលមានទាំងផ្នែកគាំទ្រ និងផ្នែកលក់ផងដែរសម្រាប់វេទិកាការងារស្អែកនេះ។ លើសពីនេះទៅទៀត ក៏បានអំពាវនាវ ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ AMK និងតំណាងក្រុមហ៊ុនដទៃទៀតបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕








