ភ្នំពេញ ៖ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានថ្លែងថា កម្ពុជាចាំបាច់ណាស់ ត្រូវមានច្បាប់ស្ដីពី “ដាក់ប្រទេស ក្នុងភាពអាសន្ន” ដោយមិនមែនតែក្នុងស្ថានភាព មានវិបត្តិនៃកូវីដ១៩ នោះទេ តែត្រូវការពារក្នុងថ្ងៃអនាគត ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការគ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ន”នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ជិន ម៉ាលីន បានថ្លែងថា រហូតមកដល់ពេលនេះ នៅលើសកលលោក មានប្រទេសចំនួន៧០ប្រទេសជាងហើយ ដែលមានច្បាប់ដាក់ ប្រទេសស្ថិតក្នុងភាពអាសន្ន។
លោកបន្តថា “ចាំបាច់ត្រូវមានច្បាប់ ដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន ការរៀបចំច្បាប់នេះ គឺថាដើម្បីបង្កើតនូវ ឧបករណ៍គតិយុត្តិ ឬក៏លិខិតបទដ្ឋានគតិយុត្តិ ដែលមានលក្ខណៈគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ តាមគោការណ៍ ប្រជាធិបតេយ្យនីតិរដ្ឋពីព្រោះថា គោករណ៍នីតិរដ្ឋចាំបាច់ត្រូវមានច្បាប់ ដែលអាចឆ្លើយតប ទៅនៅកាលៈទេសៈចាំបាច់ណាមួយ ហើយឆ្លើយតបបានទៅនឹង សេចក្ដីត្រូវការរបស់សង្គម ក៏ដូចជាប្រជាពលរដ្ឋ ។ ហើយមែនទែនទៅការរៀបចំច្បាប់នេះ គឺចាំត្រូវមានតាំងពីឆ្នាំ១៩៩៣មកម្លេះ ក្រោយដែលការកកើត កសាងរដ្ឋធម្មនុញ្ញរបស់យើង ដើម្បីអាចអនុវត្តន៍មាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញបាន គឺចាំបាច់ត្រូវមានតាំងពីឆ្នាំ១៩៩៣ ក៏ប៉ុន្តែពេលនោះ គឺយើងមិនទាន់បានរៀបចំ ឲ្យមានច្បាប់នេះនៅឡើយទេ ដោយសារតែយើងគិតថា វាមិនទាន់ដល់ដំណាក់កាលចាំបាច់បំផុត ក្នុងការរៀបចំឲ្យមានច្បាប់នេះ ទើបតែនៅពេលបច្ចុប្បន្ននេះទេ ពេលដែលពិភពលោក ក៏ដូចជាកម្ពុជាប្រឈមគ្រោះថ្នាក់ ពាក់ព័ន្ធកូវីដ១៩នេះ យើងគិតថាចាំបាច់មែនទែនហើយ ហើយចាំបាច់បំផុត ក្នុងការរៀបចំច្បាប់នេះ នៅពេលដែលប្រទេសផ្សេងៗទៀត កំពុងតែប្រើប្រាស់ច្បាប់នេះ ក្នុងការដាក់ប្រទេស ក្នុងភាពអាសន្ន ដើម្បីជាវិធានការ ក្នុងការការពារ អាយុជីវិត របស់ប្រទេសជាតិរបស់គេ”។
លោកបន្តទៀតថា “ក៏ប៉ុន្តែនិយាយបែបនេះ មិនមែនមានន័យថា យើងមិនបានគិតគូតាំងពីដើមមកទេ រាជរដ្ឋាភិបាលបានគិតគូ និងបានធ្វើការស្រាវជ្រាវ ជាយូណាស់មកហើយ មិនមែនទើបតែនាំគ្នាធ្វើក្នុងរយៈមួយថ្ងែពីថ្ងៃ ឬក៏មួយខែពីរខែ នេះទេ គឺថារដ្ឋាភិបាលបានគិតគូ និងធ្វើការសិក្សាស្រាវជ្រាវ ក្នុងការរៀបចំច្បាប់នេះ តាំងពីយូណាស់មកហើយ ក៏ប៉ុន្តែគ្រាន់តែវាមិនទាន់ដល់ពេលដែលចាំបាច់ និងកាលៈទេសៈចាំបាច់ដែលត្រូវរៀបចំច្បាប់នេះ ។ ហើយនៅពេល ដែលព្រឹត្តការណ៍នេះកើតឡើង ទាក់ទងកូវីដ១៩ គឺយើងគិតថាចាំបាច់បំផុតហើយ ទោះបីជាកាលៈទេសៈពេលនេះ មិនទាន់ដល់ដំណាក់កាល អនុវត្តន៍ច្បាប់នេះ ក៏វាជាការល្អប្រសើរក្នុងការដែលមានច្បាប់នេះ នៅក្នុងដៃព្រោះថា ទៅថ្ងៃអនាគត យើងមិនដឹងថា នឹងមានកាលៈទេសៈណាផ្សេងកើតឡើងនោះទេ”។
លោកគិតថា ការដែលមានច្បាប់ ដាក់ប្រទេស ក្នុងភាពអាសន្ន គឺជាការត្រៀមខ្លួនរួចជាស្រេច ក្នុងប្រឈមមុខទៅនឹងកាលៈទេសៈ និងគ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចកើតមាននៅថ្ងៃអនាគត ។
លោកអះអាងថា ស្ថានភាពប្រទេសកម្ពុជានៅពេលនេះ នៅមានលក្ខណៈល្អប្រសើរជាងបណ្ដាល នៅសកលលោកមួយចំនួន ដោយមិនចាំបាច់ ដាក់ឲ្យអនុវត្តន៍ ច្បាប់ស្ដីពី គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្នឡើយ ។
អ្នកនាំពាក្យបន្ថែមថា “ឥឡូវបើយើងមើលក្នុងស្ថានភាព ក្នុងពេលបច្ចុប្បន្ននេះគឺថា កម្ពុជាគឺគ្រប់គ្រងសភាពការណ៍ បានល្អប្រសើរជាងបណ្ដាលប្រទេសមួយចំនួន នៅលើពិភពលោក ឆ្ងាយណាស់ ចឹងបើស្ថានភាពល្អប្រសើរដូចពេលនេះ ខ្ញុំគិតថាមិនមានភាពចាំបាច់ណាដាក់ឲ្យអនុវត្តន៍ច្បាប់ ស្ដីពី ការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ននោះទេ”។
ទាក់ទងជាមួយការដាក់ឲ្យប្រើប្រាស់ ច្បាប់គ្រប់គ្រងប្រទេស ក្នុងភាពអាសន្នវិញ លោកបញ្ជាក់ថា ច្បាប់នេះ នឹងត្រូវយកមកអនុវត្តន៍ ក្រោយពេលដែលព្រះមហាក្សត្រ ប្រកាសដាក់ប្រទេស នៅក្នុងភាពអាសន្ន ។
លោកបន្ថែមថា “មែនទែនទៅផ្អែកលើមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញច្បាប់នេះ ត្រូវយកមកអនុវត្តន៍នៅពេលដែលព្រះមហាក្សត្រ ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន តាមស្មារតីមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ បានន័យថា ក្រោយពេលដែលព្រះមហាក្សត្រ ចេញដំណឹងជាសាធារណៈ ប្រកាសដាក់ប្រទេស នៅក្នុងភាពអាសន្ន នោះទើបច្បាប់នេះ ត្រូវយកមកអនុវត្តន៍ ហើយបញ្ញតិផ្សេងៗ ដែលមាននៅក្នុងច្បាប់នេះ នឹងត្រូវយកមកអនុវត្តន៍ ដើម្បីគ្រប់គ្រងប្រទេស ស្ថិតក្នុងភាពអាសន្ន ។ ចឹងមានន័យថា បើមិនមានការប្រកាស ដាក់ប្រទេសក្នុងភាពអាសន្នទេ ច្បាប់នេះក៏មិនត្រូវយកមកអនុវត្តន៍ដែរ” ។
ទាក់ទងការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នបាន លោកថា ត្រូវមានលក្ខខណ្ឌចំនួនពីរជាចាំបាច់ ។
លោកបន្តថា “បណ្ដាប្រទេសផ្សេងទៀត ត្រឹមតែប្រមុខរដ្ឋ អាចជាប្រធានាធិបតី ជាព្រះមហាក្សត្រ អាចប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នបាន បណ្ដាប្រទេសមួយចំនួនទៀត អាចត្រឹមតែជាប្រមុខរាជរដ្ឋាភិបាល ដូចជានាយករដ្ឋមន្រ្តី អាចប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នបាន បណ្ដាប្រទេសមួយចំនួនទៀត ត្រឹមតែសភា អាចប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នបាន ។ ក៏ប៉ុន្តែសម្រាប់កម្ពុជា ដើម្បីប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នបាន គឺត្រូវកាន់លក្ខខណ្ឌពីរ ជាចាំបាច់ ត្រូវការលក្ខខណ្ឌពីរជាចាំបាច់ លក្ខខណ្ឌទីមួយ គឺលុះត្រាតែប្រទេសជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ បើក្នុងស្ថានភាពធម្មតា ដូចសព្វថ្ងៃ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទូទាំងប្រទេសអីទេ! គឺមិនចាំបាច់មានការប្រកាស ដាក់ប្រទេសនៅក្នុងភាពអាសន្ននោះទេ ។ លក្ខខណ្ឌទីពីរ បានន័យថា ពេលដែលប្រទេសជាតិ ប្រឈរមុខនឹងគ្រោះថ្នាក់ រួចហើយត្រូវមាន លក្ខខណ្ឌ មួយទៀត ការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន គឺលុះត្រាតែមានការឯកភាពពី ឥស្សរជនបីរូប ដែលមានប្រមុខស្ថាប័នកំពូលទាំងបី របស់ជាតិ ទីមួយគឺៈ នាយករដ្ឋមន្រ្តី ដែលជាប្រមុខស្ថាប័ន នីតិប្រតិបត្តិ ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា លុះត្រាតែឥស្សរជនទាំងបីរូប ឯកភាពគ្នា ហើយយល់ឃើញថា កាលៈទេសៈពេលនេះ ជាកាលៈទេសៈចាំបាច់ ហើយគ្រោះថ្នាក់ សម្រាប់ប្រទេសជាតិ ត្រូវតែប្រទេសដាក់ប្រទេស ក្នុងភាពអាសន្ន ទើបព្រះមហាក្សត្រ ទ្រង់ប្រទានដំណឹងជាសាធារណៈ ហើយប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន”។
ឆ្លើយតបជាមួយ អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានលើកឡើងកាលពីពេលថ្មីៗនេះថា ការបង្កើតច្បាប់ ដាក់ប្រទេសក្នុងភាពអាសន្ន គឺជាការបំបិទសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋជាដើមនោះ លោកថា ការលើកឡើងបែបនោះ គឺមិនស្របជាមួយខ្លឹមសារ និងគោលបំណងនៃច្បាប់ ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ។
លោកបន្តថា “ការរិះគន់របស់អ្នកជំនាញ ដែលយើងហៅថា អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ (UN)ខ្ញុំឃើញការលើកឡើងរបស់គាត់ហើយ ក៏ប៉ុន្តែអ្វីដែលគាត់លើកឡើងទាំងនេះគឺ វាស្របទៅនឹងខ្លឹមសារហើយ នឹងគោលបំណង នៃច្បាប់របស់យើងនេះទេ ។ បានន័យថា អាចគាត់មិនយល់ច្បាស់ ពីខ្លឹមសារពិតប្រាកដ នៃច្បាប់របស់យើង ក៏ដូចជាគោលបំណង នៃការរៀបចំច្បាប់របស់យើង ។ ចឹងការអត្ថាធិប្បាយរបស់គាត់ ការិះគន់របស់គាត់អាចកើតចេញ ពីការព្រួយបារម្ភជ្រុល ការព្រួយបារម្ភជ្រុល ដោយយល់មិនច្បាស់លាស់ពីខ្លឹមសារ នៃច្បាប់របស់យើង ឬក៏អាចមានការយល់ខុស ពីខ្លឹមសាររបស់យើងនេះ មែនទែនទៅគឺថា យើងមានមូលដ្ឋានរបស់យើង គ្រប់គ្រាន់ណាស់ ក្នុងការរៀបចំច្បាប់ មូលដ្ឋានគតិយុត្តិ គឺផ្អែកទៅលើច្បាប់ សិទ្ធិមនុស្សជាតិនិងអន្តរជាតិ ដូចខ្ញុំបានលើកឡើងអម្បាញ់មិញហ្នឹង មូលដ្ឋានបទពិសោសធន៍ របស់អន្តរជាតិ ដែលជាការអនុវត្តន៍នៅបណ្ដាលប្រទេសដទៃនៅលើពិភពលោក ដែលមានជាង៧០ប្រទេស គឺកម្ពុជាយើងមិនមែនជាករណីដោយឡែកទេ ហើយការរៀបចំច្បាប់នេះ សម្រាប់កម្ពុជាគឺមានភាពចាំបាច់ ហើយអនុឡោមទៅតាម ខ្លមសារពិតប្រាកដនៃច្បាប់ គាត់អាចយល់ហើយក៏ប៉ុន្តែយល់ខុស ពីខ្លឹមសារពិតប្រាកដនៃច្បាប់ និងពីគោលបំណង”។
ជាមួយគ្នានោះ លោកបញ្ជាក់ថា ក្នុងនាមជាសេនាធិការ ឲ្យរាជរដ្ឋាភិបាល លោកស្វាគមន៍ជានិច្ច នឹងជួបពិភាក្សា ការងារជាមួយ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ នៅពេលណាមួយ ដែលអ្នករាយការណ៍ពិសេស អញ្ជើញមកទស្សនៈកិច្ចនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេល សេចក្ដីព្រាងច្បាប់ស្ដីពី “ដាក់ប្រទេសក្នុងភាពអាសន្ន” បាននិងកំពុងដំណើរការដល់ព្រឹទ្ធសភាហើយ នៅថ្ងៃសុក្រ សប្តាហ៍នេះ នឹងទៅដល់ដៃក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើការប្រជុំពិនិត្យ សេចក្ដីព្រាងច្បាប់នេះ បន្តទៀតផងដែរ ៕ ដោយ៖ធី លីថូ