សេអ៊ូល៖ ធនាគារកណ្តាលកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទីផ្សារហិរញ្ញវត្ថុក្នុងស្រុកត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការកើនឡើងនៃការប្រែប្រួលបន្ទាប់ពីផែនការពន្ធគយរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដោយសន្យាថានឹងតាមដានទីផ្សារយ៉ាងដិតដល់ និងអនុវត្តការឆ្លើយតបទាន់ពេលវេលានៅពេលចាំបាច់។
អភិបាលរងធនាគារកូរ៉េ (BOK) លោក Ryoo Sang-dai បានធ្វើការវាយតម្លៃនៅក្នុងកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលស្ថានភាពទីផ្សារ បន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសផែនការដាក់ពន្ធ ១០ ភាគរយលើការនាំចូលពីបរទេសទាំងអស់ ក៏ដូចជាពន្ធ “ទៅវិញទៅមក” រួមទាំងពន្ធ ២៥ ភាគរយសម្រាប់កូរ៉េខាងត្បូង។
លោកបានលើកឡើងថា វិធានការពន្ធទៅវិញទៅមករបស់អាមេរិក គឺខ្លាំងជាងការរំពឹងទុក ដោយសារការឆ្លើយតបជាសក្តានុពលពីសេដ្ឋកិច្ចធំៗ និងការអភិវឌ្ឍន៍នាពេលអនាគត ការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុទំនងជាកើនឡើងផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
លោកបានបញ្ចាក់បន្ថែមថា “យើងនឹងតាមដានយ៉ាងដិតដល់ពីរបៀបដែលស្ថានការណ៍កើតឡើង ក៏ដូចជាទីផ្សារហិរញ្ញវត្ថុក្នុងស្រុក និងទីផ្សារប្តូរប្រាក់បរទេស ដោយផ្អែកលើប្រព័ន្ធត្រួតពិនិត្យពេញម៉ោងរបស់យើងក្នុងការសម្របសម្រួលជាមួយការិយាល័យនៅក្រៅប្រទេស។ បើចាំបាច់ យើងនឹងឆ្លើយតបភ្លាមៗ និងសមស្រប”៕
ប្រែសម្រួល ឈូក បូរ៉ា
