កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីបង្សុកូល និងពូនភ្នំខ្សាច់ នៅវត្តជ័យគីរី ហៅវត្តហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩។

បើតាមលោកតាអាចារ្យ នៅវត្តជ័យគីរី បានមានប្រសាសន៍ឲ្យដឹងថា ការពូនភ្នំខ្សាច់នេះ បុរាណបណ្ឌិតយើងបានពន្យល់ថា គឺជាការរំឭកដល់ព្រះចូឡាមណីចេតិយដែលសំដៅទៅលើការរំឭកដល់ព្រះកេសា និងព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ ការរំឭកដល់ព្រះសារីរិកធាតុ គឺដូចជាការរំឭកដល់តួអង្គផ្ទាល់ នៃព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមានគុណ ជាអនេកប្បការ ចំពោះសត្វលោក ពោលគឺគុណទាំងបីរួមមាន បញ្ញាគុណ ករុណាគុណ និងវិសុទ្ធគុណ។

ការរំឭកដល់គុណព្រះពុទ្ធនេះហើយ ដែលធ្វើឱ្យយើងកើត ចិត្តជ្រះថ្លាចំពោះព្រះអង្គ ដែលជាហេតុនាំឱ្យកើត កុសលផលបុណ្យ។ ម្យ៉ាងទៀត ដោយអំណាចនៃការពូនភ្នំខ្សាច់ ឧបកិច្ចដល់ព្រះចូឡាមណីចេតិយនេះ ក៏អាចឱ្យអ្នកទាំងឡាយដែលចូលរួមពូននោះ សុំអធ្យាស្រ័យដល់ពពួកសត្វ និងមនុស្ស ព្រមទាំងទេវតាទាំងពួង ក្នុងចក្រវាឡទាំងមូលឱ្យលើកលែង និងអហោសកម្មដល់ខ្លួន ដែលធ្លាប់ប្រព្រឹត្តនូវអំពើជាអកុសល ដល់សត្វលោកទាំងនោះក្នុងអតីតជាតិ ដោយអចេតនាណាមួយផងដែរ។

