កំពង់ស្ពឺ: ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកស្នាក់នៅនិងលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍និងកំពង់ស្ពឺសង្ក្រាន្តប្រមាណ៥៧៧,៣២៥ នាក់។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះថា នៅថ្ងៃទី២នៃសង្ក្រាន្តកំពង់ស្ពឺ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកដើរលេងកំសាន្តក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅតាមគោលដៅរមណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥មានចំនួនសរុបប្រមាណ៥៧៧,៣២៥ នាក់ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន៥៧៦,៣៥០នាក់និងភ្ញៀវទេសចរណ៍អន្តជាតិចំនួន៩៧៥នាក់។
លោក រស់ សុខ បានបញ្ជាក់ផងដែរថាសម្រាប់ភ្ញៀវទេសចរផ្ទៃក្នុងដែលមកលេងកម្សាន្តព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៥នាថ្ងៃទី២មានចំនួនសរុបប្រមាណ៥៥៥,៨០០នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ៥៥៥,០០០នាក់ និងភ្ញៀវទេសចរណ៍អន្តជាតិ៨០០នាក់ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានលើកឡើងថាក្រោមការរៀបចំយ៉ាងសំបូរបែបនូវទស្សនីយភាពប្លែកៗរបស់ខេត្តកំពង់ស្ពឺ បានទាក់អារម្មណ៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តច្រើនលើសលប់ខុសពីបណ្តាឆ្នាំកន្លងទៅ។ហើយទន្ទឹមនិងការរៀបចំខាងលើនេះដែរ នៅតាមបណ្តារមណីយដ្ឋាននានា សន្ទុះភ្ញៀវក៏មានកើនឡើងខ្ពស់ ពិសេសរមណីយដ្ឋានកសិទេសចរណ៍ម៉ុងឬទ្ធីសែនជ័យ។
ជាមួយនិងកំណើនភ្ញៀវទេសចរណ៍ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះ មន្ទីរជំនាញបានធ្វើការណែនាំទៅប្រជាសហគមន៍នៅតាមគោលដៅទេសចរណ៍ទាំងអស់ឱ្យបង្កើនគុណភាពម្ហូបអាហារ អនាម័យ សេវាបម្រើនិងមិនឱ្យមានការឡើងថ្លៃនោះទេ ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអម្ពិល




