វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធ ២៥ ភាគរយថ្មីរបស់លោក លើឧស្សាហកម្មរថយន្ត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយក្រុមហ៊ុនផលិតផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់គ្រឿងបន្លាស់រថយន្ត ដែលប្រើប្រាស់នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
នៅក្នុងការបន្ធូរបន្ថយពន្ធបន្ថែមយ៉ាងទូលំទូលាយរបស់លោក ត្រាំ ការធូរស្រាលដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តអាមេរិក និងបរទេសទាំងអស់ដែលផលិតរថយន្តនៅសហរដ្ឋអាមេរិក ដើម្បីទាមទារសំណងមួយចំនួនត្រូវបានប្រកាសនៅពេលដែលលោកបានប្រារព្ធខួប ១០០ថ្ងៃដំបូងនៃការកាន់តំណែងក្នុងអាណត្តិទីពីរដែលមិនជាប់គ្នារបស់លោក។
លោក ត្រាំ បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅមហាវិទ្យាល័យសហគមន៍នៅភាគខាងជើងនៃទីក្រុង Detroit ថា “ពួកគេបានយកគ្រឿងបន្លាស់ពីទូទាំងពិភពលោក។ ខ្ញុំមិនចង់បាននោះទេ។ ខ្ញុំចង់ឱ្យពួកគេផលិតគ្រឿងបន្លាស់របស់ពួកគេនៅទីនេះ ប៉ុន្តែខ្ញុំបានផ្តល់ពេលវេលាឱ្យពួកគេបន្តិច” ។
ការបន្ធូរបន្ថយបណ្តោះអាសន្ននៃបន្ទុកពន្ធគយមួយចំនួនបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តបានប្រកែកថា ដោយសារតែភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ វានឹងត្រូវការពេលវេលា ដើម្បីទិញគ្រឿងបន្លាស់ទាំងអស់ ដែលចាំបាច់ក្នុងស្រុក ដើម្បីផលិតរថយន្តនៅសហរដ្ឋអាមេរិក។
រួមជាមួយនឹងអ្នកប្រើប្រាស់ ឧស្សាហកម្មរថយន្តបានសម្តែងការព្រួយបារម្ភថា ពន្ធដ៏ច្រើនរបស់លោក ត្រាំ អាចបង្កើនតម្លៃរថយន្តយ៉ាងខ្លាំង។ ក្រោមការបន្ធូរបន្ថយនេះ ក្រុមហ៊ុនផលិត នឹងត្រូវបានអនុញ្ញាតឱ្យទូទាត់ ១៥ ភាគរយនៃតម្លៃលក់រាយ ដែលបានស្នើឡើងនៃរថយន្ត ដែលបានដំឡើងនៅក្នុងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលឆ្នាំដំបូងនៃពន្ធគយនិង ១០ ភាគរយនៅឆ្នាំទីពីរ។
អាស្រ័យហេតុនេះ ក្រុមហ៊ុនផលិតរថយន្តនឹងអាចស្នើសុំសំណងរហូតដល់ ៣.៧៥ ភាគរយនៃតម្លៃរថយន្ត ដែលផលិតដោយសហរដ្ឋអាមេរិកនីមួយៗក្នុងឆ្នាំដំបូង និង ២.៥ ភាគរយនៅឆ្នាំទីពីរ ជាមួយនឹងការរៀបចំអុហ្វសិតដែលឈប់នៅពេលនោះ នេះបើយោងតាមមន្ត្រីរបស់សេតវិមាន និងក្រសួងពាណិជ្ជកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា
